ជនប្រដាប់អាវុធម្នាក់បានបាត់បង់ជីវិត ក្រោយប៉ុនប៉ងប្លន់យន្តហោះនៅបង់ក្លាដែស មិនបានសម្រេច

បង់ក្លាដែស៖ ជើងហោះហើរមួយ ដែលគ្រោងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានធ្វើចុះចតជាបន្ទាន់ នៅព្រលានយន្តហោះទីក្រុង Chittagong ប្រទេសបង់ក្លាដែស បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ជនសង្ស័យម្នាក់មានបំណងប្លន់យន្តហោះនេះនៅកណ្តាលអាកាស។

យន្តហោះនេះ មានជើងហោះហើរលេខ BG 147 ជាកម្មសិទ្ធិរបស់អាកាសចរណ៍បង់ក្លាដែស Biman ដែលបានគ្រោងហោះហើរពីរដ្ឋធានីដាកា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប៉ុន្តែវាត្រូវបានចុះចតនៅទីក្រុង Chittagong ប្រទេសបង់ក្លាដែសវិញ បន្ទាប់ពីកើតមានករណីប៉ុនប៉ងប្លន់យន្តហោះ។ ប៉ូលិសនៃព្រលានយន្តហោះ Chittagong បានអះអាងថា ក្រោយយន្តហោះចុះចត វាត្រូវបានឡោមព័ទ្ធភ្លាមៗដោយកងកម្លាំងមានសមត្ថកិច្ច ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចុះពីលើយន្តហោះដោយសុវត្ថិភាព។

ប្រភពបានឱ្យដឹងថា នៅពេលត្រូវបានគេស្រែកឲ្យប្រគល់ខ្លួន ជនសង្ស័យសញ្ជាតិបង់ក្លាដែសនេះ បាញ់មកលើសមត្ថកិច្ច ជាហេតុនាំឲ្យមានការបាញ់តបវិញ។ ប្រភពបន្តថា បុរសនេះមានកាំភ្លើងខ្លី និងបានសុំនិយាយទៅកាន់ប្រពន្ធ និងនាយករដ្ឋមន្ត្រី តែបានស្លាប់មុនពេលត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយបើតាមមន្ត្រីអាកាសចរណ៍នោះ ជនសង្ស័យទំនងជាមានស្មារតីមិននឹងនរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner