អ៊ីរ៉ង់ប្រកាសអំពីការទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីល ចេញពីនាវាមុជទឹក
អ៊ីរ៉ង់៖ កងទ័ពអ៊ីរ៉ង់បានទទួលជោគជ័យទំាងស្រុង ក្នុងការធ្វើតេស្តប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក នៅអំឡុងធ្វើសមយុទ្ធយោធាជើងទឹកនៅឯច្រកសមុទ្រ Hormuz ស្របពេលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញ។
ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្រ្តីយោធាម្នាក់ សារព័ត៌មានរដ្ឋអ៊ីរ៉ង់បានឱ្យដឹងទៀតថា នៅថ្ងៃទី៣នៃការធ្វើសមយុទ្ធយោធាជើងទឹកនេះ នាវាមុជទឹកអ៊ីរ៉ង់ Ghadir បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលស៊េរីថ្មីបំផុតរបស់ខ្លួន ខណៈនាវាមុជទឹក Tareq និង Fateh សុទ្ធតែបានបង្ហាញពីសមត្ថភាពក្នុងការការពារទឹកដីប្រឆាំងនឹងការឈ្លានពានពីសត្រូវតាមផ្លូវទឹក។
សូមជម្រាបផងដែរថា នាវាចម្បាំងអ៊ីរ៉ង់ប្រមាណជាង១០០គ្រឿង បាននិងកំពុងចូលរួមក្នុងការធ្វើសមយុទ្ធកងទ័ពជើងទឹករយៈពេល៣ថ្ងៃ ដែលបានប្រព្រឹត្តទៅចាប់ពីតំបន់ច្រកសមុទ្រ Hormuz រហូតដល់មហាសមុទ្រឥណ្ឌា៕ម.ន



