អង្គការ NASA នឹងបញ្ជូនអ្នកអវកាសទៅភពព្រះចន្ទសាជាថ្មីវិញ ប៉ុន្តែលើកនេះទៅស្នាក់នៅតែម្តង
សហរដ្ឋអាមេរិក៖ អង្គការ NASA គ្រោងនឹងបញ្ជូនអ្នកអវកាសទៅកាន់ភពព្រះចន្ទសាជាថ្មីវិញ បន្ទាប់ពីអាក់ខានជាងប៉ុន្មានទសវត្សរ៍មក ប៉ុន្តែលើកនេះ គឺទៅស្នាក់នៅតែម្តង មិនមែនគ្រាន់តែជាន់ដីភពព្រះចន្ទ ហើយដោតទង់ជាតិរួចត្រឡប់មកវិញដូចគ្រាមុននោះទេ ។

អ្នកគ្រប់គ្រងមួយរូបរបស់អង្គការ NASA លោក Jim Bridenstine បានប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា អង្គការ NASA គ្រោងនឹងបង្កើនល្បឿនគម្រោងបញ្ជូនមនុស្សទៅភពព្រះចន្ទ ដែលគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នេះ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនឯកជន ។ លោក Bridenstine បានគូសបញ្ជាក់ទៀតថា វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវត្រឡប់ទៅភពព្រះចន្ទវិញ កាន់តែលឿនតាមដែលអាចធ្វើបាន ហើយលោកសង្ឃឹមថា អ្នកអវកាសនឹងអាចវិលទៅភពព្រះចន្ទវិញ នៅត្រឹមឆ្នាំ២០២៨ខាងមុខនេះ ។

សូមរំលឹកឡើងវិញថា លោក Neil Armstrong គឺជាមនុស្សដំបូងបំផុត ដែលបានជាន់ដីភពព្រះចន្ទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកកម្មអាប៉ូឡូទី១១ ខណៈមនុស្សចុងក្រោយគេដែលបានទៅដល់ភពនេះ គឺលោក Eugene Cernan កាលពីខែធ្នូ ឆ្នាំ១៩៧២ ក្នុងបេសកកម្មអាបូឡូទី១៧ ។ មុនពេលដែលបញ្ជូនមនុស្សទៅភពព្រះចន្ទម្តងទៀតនោះ អង្គការ NASA មានបំណងដាក់យានគ្មានមនុស្សបើកមួយគ្រឿងនៅលើដីភពនេះ ត្រឹមឆ្នាំ២០២៤ ៕ធ.ដ

