ក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិចប្រចាំកម្ពុជា ប្រារព្វខួប១០ឆ្នាំរបស់ Samsung Galaxy នៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ដើម្បីអបអរសាទរខួប១០ឆ្នាំរបស់ Samsung Galaxy និងវត្តមានរបស់កំពូលស្មាតហ្វូនសាមសុង Galaxy S10 និងS10+ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធដ៏ធំមួយនៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្នុងទីក្រុងភ្នំពេញ នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ ដោយមានការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀត ។

ថ្លែងនាឱកាសនោះ លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy S10 និង S10+ ប្រចាំឆ្នាំ 2019 នេះ និងខួប១០ឆ្នាំនៃការរវិវត្តបច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ Samsung Galaxy ផងដែរ ។

លោកបន្តថា សាមសុងបាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិតផលិត ផល និងសេវាកម្មដែលមានគុណភាព និងការជឿទុកចិត្ត ខណៈបុគ្គលិកមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ ។

ស្របពេលជាមួយគ្នានោះដែរ អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការ និង ហាងភ្នាក់ងារចែកចាយរបស់ សាមសុង ទាំងអស់ដែលបានចូលរួម និងធ្វើឱ្យសាមសុង អាចឈរជើងមានវត្តមាននៅលើទីផ្សារកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ ៕ធ.ដ




