ជំនួបទ្វេភាគីរវាងឥស្សរជនសំខាន់ៗនៃគណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិនៅក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១របស់គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិពីថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគីជាមួយឥស្សរជនមួយចំនួន ដើម្បីផ្សព្វផ្សាយអំពីគោលនបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនៅកម្ពុជាជាពិសេសក្នុងវិស័យដឹកជញ្ជូន-ការតភ្ជាប់​ និងស្វែងរកជំនួយលើវិស័យសុវត្ថិភាពចរាចរកម្ពុជា ដើម្បីចូលរួមវិភាគទានដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជា ការបណ្តុះបណ្តាលអំពីការរៀបចំចូលរួម នៅក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញាអង្គការសហប្រជាតិនានាពាក់ព័ន្ធការដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹកសាប ដល់មន្រ្តីកម្ពុជា។

ឥស្សរជនទាំងនោះ រួមមាន លោកជំទាវ Olga Algayerova អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប (UNECE) ឯកឧត្តម Kristof Schockaert ប្រធានគណៈកម្មាធិការដឹកជញ្ជូនផ្លូវគោគអង្គការសហប្រជាតិ (ITC) ឯកឧត្តម Jean Todt បេសកជនពិសេសអគ្គលេខាធិការអង្គការសហប្រជាតិ ទទួលបន្ទុកសុវត្ថភាពចរាចរ និង លោក Yuwei Li ប្រធាននាយកដ្ឋាននិរន្តរភាពដឹកជញ្ជូននៃអង្គការUNECE។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាផងដែរ ជាមួយឯកឧត្តម Bounchanh Sinthavong រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូនឡាវ និងឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូននៃព្រះរាជាណាចក្រថៃអំពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់មហាអនុតំបន់ទន្លេមេគង្គ (GMS CBTA) ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី១២ ដល់១៣ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រុញឲ្យព្រះរាជាណាចក្រថៃខិតខំពន្លឿនការងារ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឆ្លងកាត់ព្រំដែន តាមផ្លូវដែករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ពីការចូលរួមអនុវត្តកម្មវិធី ប្រមូលផលដើមដៃរបស់កិច្ចព្រមព្រៀង CBTA ។

ជាលទ្ធផល លោកជំទាវ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប ឯកឧត្តម Kristof Schockaert ប្រធានគណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាតិ ឯកឧត្តម Jean Todt បេសកជនពិសេសអគ្គលេខាធិការអង្គការសហប្រជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានសន្យាពិចារណាលើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយឯកឧត្តម Jean Todt បេសកជនពិសេសអគ្គលេខាធិការ អង្គការសហប្រជាតិ ទទួលបន្ទុក សុវត្ថិភាពចរាចរណ៍ ដែលជាមហាសេដ្ឋីដ៏ល្បីឈ្មោះរបស់ប្រទេសស្វីស បានសន្យាថា នឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner