ឯកឧត្តម ហ៊ុយ វណ្ណៈ៖ ទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងក្លាយជាកន្លែងបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន សិក្ខាសាលា និងតាំងពិព័រណ៍នៃការចងចាំរបស់អ្នកសារព័ត៌មាន
ក្នុងឱកាសដឹកនាំសមាជិកសមាជិកានៃសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជាចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នេះជាសមិទ្ធផលដែលកើតឡើងពីការចូលរួមទាំងគំនិត ដែលជា របស់យើងទាំងអស់គ្នា។ ឯកឧត្តមបន្តថា អគារនេះ សរបញ្ជាក់ឱ្យឃើញថា អ្នកសារព៏ត៌មានទាំងអស់ មានចំណែកនៅក្នុងសង្គមជាតិរបស់ខ្លួន។
ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តថា តាមចក្ខុវិស័យរបស់សហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ឯកឧត្តមបញ្ជាក់ទៀតថា “នៅពេលដែលអ្នកកាសែតភ្លឺ សង្គមភ្លឺ ដែលផ្តើមចេញ ពីទីនេះ”។ ទីស្នាក់ការនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងក្លាយជាកន្លែងបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន សិក្ខាសាលា តាំងពិព័រណ៍នៃការចងចាំរបស់អ្នកសារព័ត៌មានផងដែរ។
សូមបញ្ជាក់ថា អគារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសាងសង់រួចប្រមាណពី៦៥%ទៅ ៧០%ហើយ ដែលតាមគម្រោង នឹងបញ្ចប់ការសាងសង់ ជាស្ថាពរ នៅខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ៕






