កម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ និងចែកចាយសាច់មាន់ អត់ច្បាប់នៅសង្កាត់ក្បាលកោះ
កម្លាំងចម្រុះមកពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថាប័នកាំកុងត្រូល បសុពេទ្យរាជធានីភ្នំពេញ និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុក និងចែកចាយសាច់មាន់ ដែលសង្ស័យថាមានលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ រួមនិងទំនិញជាច្រើនមុខទៀត ដែលជនជាតិចិននាំចូលពីប្រទេសចិនយកមកស្តុកទុកក្នុងឃ្លាំងដើម្បីចែកចាយលើទីផ្សារ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងឃ្លាំងមួយកន្លែងដែលជនជាតិចិនជួលដើម្បីស្តុកទំនិញ មានទីតាំងនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជាលទ្ធផលកម្លាំងចម្រុះរកឃើញទំនិញជាច្រើនមុខរួមមាន ខ្លាញ់ដុំ១៥០កេស ទឹកជ្រលក់ ម្សៅសម្រាប់បំពងសាច់ ចាហួយសម្រាប់ធ្វើតែគុជ ទឹកផ្លែឈើ ទឹកដំណាប់អំពិល និង ទំនិញជាច្រើនមុខទៀត ក្នុងកម្លាំងចម្រុះឃ្លុំបេសាច់មាន់២កុងទីន័រទម្ងន់ជាង៤០តោន ព្រោះសង្ស័យថាមានលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ ហើយត្រូវបានសមត្ថកិច្ចកាំកុងត្រូល និងបសុពេទ្យយកសាច់មាន់ទៅកាន់មន្ទីរពិសោធន៍ ចំពោះមុខទំនិញ មួយចំនួនទៀតក៏ត្រូវបានយកទៅត្រួតពិនិត្យនៅមន្ទីរពិសោធន៍ផងដែរ។
លោក មុត ពលី អនុប្រធានការិយាល័យបសុព្យាបាលរាជធានីភ្នំពេញបានបញ្ជាក់ថា តាមការត្រួតពិនិត្យរបស់កម្លាំងចម្រុះរកឃើញថា ម្ចាស់ទីតាំងជាជនជាតិចិនជួលឃ្លាំងស្តុកទំនិញដើម្បីចែកចាយនេះគ្មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនោះឡើយ ចំពោះច្បាប់ទីតាំងក៏គ្មាន និងច្បាប់នាំចូលក៏គ្មានដែរ គឺជាទីតាំរកស៊ីអត់ច្បាប់ ចំពោះចំណាត់ការយ៉ាងណានោះសមត្ថកិច្ចចម្រុះនឹងប្រជុំពិភាក្សាគ្នា។ ដោយឡែកលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា មុខទំនិញទាំងអស់ដែលកម្លាំងចម្រុះរកឃើញស្តុកទុកនៅក្នុងឃ្លាំងនេះ គឺនាំចូលតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បង់ពន្ធត្រឹមត្រូវតាមច្បាប់ តែច្បាប់ធ្វើអាជីវកម្ម និងច្បាប់នាំចូលគ្មាននោះឡើយនិយាយរួមទំនិញទាំងអស់នៅក្នុងឃ្លាំងគ្មានច្បាប់អាជីវកម្មនោះឡើយ។ ក្នុងនោះ មុខទំនិញមួយចំនួនមិនមានទីតាំងផលិត និងឆ្នាំផលិតច្បាស់លាស់ ដោយឡែកសាច់មាន់ ជង្គង់មាន់ និងភ្លៅមាន់ ត្រូវយកទៅពិនិត្យគុណភាពនៅមន្ទីរពិសោធន៍រកសារធាតុគីមី បើគ្មានសារធាតុគីមីហាមឃាត់ទេនោះ សមត្ថកិច្ចនឹងអនុញ្ញាតឲ្យចែកចាយលើទីផ្សារឡើងវិញ តែបើរកឃើញថាមានសារធាតុគីមី សមត្ថកិច្ចនឹងរឹបអូសយកទៅកម្ទេចចោល។
ដោយពិនិត្យឃើញថាមុខទំនិញទាំងអស់គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ឥឡូវនេះកម្លាំងចម្រុះសម្រេចបិទមិនឲ្យចែកចាយលើទីផ្សារជាបណ្តោះសន្ន ចំណែកកុងទីន័រដែលក្លាសេសាច់មាន់ និងដំឡូងបារាំង ត្រូវសមត្ថកិច្ចចម្រុះឃ្លុំបេទុកជាបណ្តោះអាសន្ន រង់ចាំចេញលទ្ធផលពីមន្ទីរពិសោធន៍ ដោយឡែកម្ចាស់ទីតាំង មិនត្រូវបានឃាត់ខ្លួនឡើយ៕ម.ន




