លោក ស៊ី ជិនពីង ប្តេជ្ញាលើកកម្ពស់បន្ថែមភាពជាដៃគូដ៏ល្អរវាងប្រទេសចិន-អ៊ីរ៉ង់
ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃពុធនេះ បានទទួលស្វាគមន៍ការបំពេញទស្សនកិច្ចរបស់អ្នកនាំពាក្យសភាអ៊ីរ៉ង់លោក អាលី ឡារីចានី និងបានធ្វើការអំពាវនាវឲ្យមានការពង្រឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោក ស៊ី បានថ្លែងសរសើរមិត្តភាពយូរអង្វែងរវាងចិន-អ៊ីរ៉ង់ ដោយនិយាយថា ការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយជាមួយអ៊ីរ៉ង់នឹងមិនផ្លាស់ប្តូរ បើទោះបីជាមានការផ្លាស់ប្តូរនៅលើសកលលោក និងក្នុងតំបន់។ បន្ថែមលើនេះ លោក ស៊ី ក៏បានសម្តែងនូវការគាំទ្ររបស់ចិនចំពោះអ៊ីរ៉ង់ ដើមដើរតួនាទីស្ថាបនាមួយក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា និងមានឆន្ទៈរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់លើបញ្ហាក្នុងតំបន់ ។

ជាការឆ្លើយតប លោក អាលី ឡារីចានី បានអះអាងថា មិត្តភាពអ៊ីរ៉ង់ និងចិន មិនត្រឹមតែអនុលោមទៅតាមផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់សម្រាប់សន្តិភាព និងវិបុលភាពនៃតំបន់អាស៊ី និងពិភពលោកផងដែរ៕ធ.ដ
