កងកម្លាំងយោធារុស្ស៊ីនឹងត្រូវហាមឃាត់មិនឲ្យប្រើទូរសព្ទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិចផ្សេងទៀត

រុស្ស៊ី៖ កម្លាំងយោធារុស្ស៊ីនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិចមួយចំនួនទៀត ដើម្បីការពារព័ត៌មានយោធាកុំឱ្យធ្លាក់ដល់ដៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស។ នេះបើតាមសភាជាន់ទាបរុស្ស៊ី (រដ្ឋសភា) បានបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលទទួលបានការគាំទ្រ៤០០សំឡេង ក្នុងចំណោមសមាជិកសភាជាន់ទាបរុស្ស៊ីទាំងអស់៤៥០រូបនៅថ្ងៃអង្គារ៍នេះ។

បច្ចុប្បន្នសេចក្ដីព្រាងច្បាប់នេះ ត្រូវបញ្ជូនបន្តទៅកាន់សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី មុននឹងត្រូវបានចុះហត្ថលេខាឱ្យវាក្លាយជាច្បាប់ផ្លូវការដោយប្រធានាធិបតីលោក វ៉ា្លឌីមៀ ពូទីន។ ឈានចូលដល់ឆ្នាំ២០១៩នេះ គេសង្កេតឃើញថា ប្រទេសរុស្ស៊ីហាក់ព្យាយាមបង្កើនសក្តានុពល និងកំណែទម្រង់ផ្ទៃក្នុងយោធាយ៉ាងខ្លាំង ជាពិសេសទៅការធ្វើទំនើបកម្មសព្វាវុធ និងសន្តិសុខព័ត៌មានវិទ្យា។

ផ្អែកលើសេចក្ដីព្រាងច្បាប់នេះដដែល កងកម្លាំងយោធារុស្ស៊ីទាំងអស់មិនអាចប្រើប្រាស់ទូរសព្ទដៃទាំងឡាយណា ដែលអាចថតរូប ថតវីដេអូ និងប្រើបា្រស់អ៊ីនធើណិតបាននោះទេ ហើយពួកគេក៏ត្រូវបានហាមឃាត់ផងដែរ ក្នុងការសរសេរ ឬនិយាយព័ត៌មានពាក់ព័ន្ធនឹងយោធាទៅកាន់អ្នកសារព័ត៌មាននានាជាដាច់ខាត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner