អ្នកវិទ្យាសាស្ត្របកស្រាយអំពីវិធីសាស្ត្រក្នុងការកម្ទេចចោលផ្កាយរណប ឬយានអវកាសខូច
សហរដ្ឋអាម៉េរិក៖ អ្នកវិទ្យាសាស្រ្តមានជម្រើសពីរក្នុងការកម្ទេចចោលផ្កាយរណប ឬយានអវកាសខូច ដោយអាស្រ័យទៅលើរយៈកម្ពស់នៃវត្ថុទាំងនោះ ជាពិសេស គឺផ្កាយរណប។

សម្រាប់ផ្កាយរណបដែលនៅគន្លងកម្រិតទាបរបស់ផែនដី អ្នកវិទ្យាសាស្រ្តនឹងប្រើប្រាស់ឥន្ធនៈ ដែលនៅសល់តិចតួចចុងក្រោយ ដើម្បីបញ្ជាពួកវាឲ្យធ្លាក់ចុះមកក្នុងបរិយាកាសផែនដីវិញ ហើយឆេះរលាយខ្លួនតែម្តង។ ឯជម្រើសមួយទៀត គឺបញ្ជូនផ្កាយរណបឲ្យទៅឆ្ងាយពីផែនដី ព្រោះថា ការប្រើសាំងដើម្បីឲ្យពួកវាធ្លាក់មកក្នុងបរិយាកាសវិញ អាចត្រូវចំណាយច្រើនជាងការបញ្ជូនពួកវាចេញពីផែនដី ជាពិសេសសម្រាប់ផ្កាយរណបដែលនៅកម្ពស់ខ្ពស់ៗពីផែនដី។

សម្រាប់រឿងនេះ អ្នកវិទ្យាសាស្រ្តអាចរៀបចំគោលដៅចុងក្រោយមួយ ដើម្បីធានាថា ពួកវា ព្រមទាំងកម្ទេចកម្ទីផ្សេងៗនឹងធ្លាក់នៅចំតំបន់គ្មានមនុស្សរស់នៅ។ តំបន់នេះត្រូវគេដាក់ឈ្មោះឲ្យថា ទីលានបញ្ចុះសពរបស់យានអវកាស ដោយវាស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក។ គិតចាប់តាំងពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០១៦ យានអវកាសប្រមាណ២៦៣គ្រឿងរបស់ប្រទេសចំនួន០៤ ត្រូវបានគេទម្លាក់ចោលនៅទីតាំងនេះ។

រីឯផ្កាយរណបនៅគន្លងកម្រិតខ្ពស់ ដែលគេបញ្ជាចេញឲ្យពីផែនដីក៏មានទីលានបញ្ចុះសពសម្រាប់ពួកវាដែរ ដែលគេហៅថា ក្រាវ៉េយ៉ាដ អរប៊ីត ស្ថិតនៅចម្ងាយ៣,៦០០គីឡូម៉ែត្រពីភពផែនដី ពោលគឺរាប់រយគីឡូម៉ែត្រផុតពីផ្កាយរណបនានា ដែលកំពុងធ្វើការនៅជុំវិញផែនដី និងធានាថា ពួកវាទាំងនោះនឹងមិនបង្កការរំខានដល់បេសកកម្មអវកាសនានានៅថ្ងៃអនាគតនោះឡើយ៕ធ.ដ