អ៊ីស្រាអែលនឹងបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកដំបូងបំផុតមួយ តាមរយៈការបាញ់បញ្ជូនយានទៅចុះចតលើផ្ទៃព្រះចន្ទ

អ៊ីស្រាអែល៖ អង្គការអវកាសអ៊ីស្រាអែល IAI និងអង្គការមូលនិធិអវកាស SpaceIL នៅថ្ងៃពុធម្សិលមិញ បានឱ្យដឹងថា នាចុងសប្តាហ៍នេះ អ៊ីស្រាអែលនឹងបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ខ្លួន តាមរយៈការបាញ់បង្ហោះគ្រឿងយន្តអវកាសជាលើកដំបូងបំផុតទៅកាន់ឋានព្រះចន្ទ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារអវកាសអ៊ីស្រាអែលបានបញ្ជាក់ថា យានអវកាសឈ្មោះ ប៊ែរែស៊ីត (Beresheet) គ្រោងនឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី២២ ខែកុម្ភៈនេះ ជាមួយការរំពឹងថា នឹងទៅចុះចតនៅលើឋានព្រះចន្ទនៅថ្ងៃទី១១ ខែមេសាខាងមុខ ហើយថា យាននេះ នឹងត្រូវបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអវកាសអាម៉េរិក SpaceX ចេញពីរដ្ឋ Florida។

ប្រសិនបើបេសកកម្មខាងលើនេះជោគជ័យ១០០% នោះអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី៤ ដែលអាចបញ្ជូនយានទៅចុះចតលើព្រះចន្ទ បន្ទាប់ពីរុស្ស៊ី សហរដ្ឋអាម៉េរិក និងចិន ខណៈក្រុមការងាររបស់អង្គការអវកាស IAI បានបង្ហាញមោទកភាព និងក្តីសង្ឃឹមខ្ពស់បំផុត ចំពោះអ្វីដែលខ្លួននឹងសម្រេចបាននាពេលខាងមុខ ដែលជាការលើកមុខមាត់អ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើលលើឆាកអន្តរជាតិ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner