ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងទំនងជាជិះរថភ្លើងកាត់ចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទីពីរជាមួយលោក ត្រាំ នៅវៀតណាម
កូរ៉េខាងជើង៖ បុគ្គលពីររូបដែលមានចំណេះដឹងផ្ទាល់ ជុំវិញការរៀបចំផែនការផ្នែកសន្តិសុខ និងមធ្យោបាយធ្វើដំណើរសម្រាប់ជំនួបកំពូលនៅវៀតណាម បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងប្រើប្រាស់រថភ្លើងជាយានជំនិះ សម្រាប់ការធ្វើដំណើរមកកាន់ទីក្រុងហាណូយ ដើម្បីបើកកិច្ចប្រជុំកំពូលលើកទី០២នាសប្តាហ៍ក្រោយនេះ ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

ដោយឡែកបើតាមប្រភពព័ត៌មានពីបុគ្គលបីរូបផ្សេងទៀត ទីតាំងអំណោយផលដែលទំនងជាកន្លែងបើកកិច្ចប្រជុំថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈនេះ រវាងលោក ត្រាំ និងលោក គីម គឺវិមានទទួលភ្ញៀវរបស់រដ្ឋាភិបាលវៀតណាម ដែលជាអគារសម័យអាណានិគម ស្ថិតនៅចំកណ្តាលទីក្រុងហាណូយ រីឯសណ្ឋាគារប្រណិត Metropole ដែលនៅទល់មុខគ្នានោះ នឹងជាទីតាំងបម្រុងសម្រាប់កិច្ចប្រជុំ ខណៈសណ្ឋាគារមួយទៀតឈ្មោះថា Melia ដែលស្ថិតនៅកណ្តាលក្រុងហាណូយដូចគ្នា អាចនឹងជាកន្លែងលោក គីម ស្នាក់នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។ យ៉ាងណាមិញ ក្រុមបុគ្គលដែលសុំមិនបញ្ចេញអត្តសញ្ញាណខាងលើនេះ បានបញ្ជាក់ផងដែរថា ផែនការទាំងនេះ អាចនឹងមានប្រែប្រួលជាបន្តបន្ទាប់ទៀតក៏ថា បានដែរ៕ធ.ដ

