សន្តិសុខក្រុមហ៊ុន ខុនដូ យូអេស៩៩៩ម្នាក់ បែកថ្នាំរត់ចូលបន្ទប់ភ្ញៀវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យជាសន្តិសុខក្រុមហ៊ុនខុនដូ យូអេស ៩៩៩ម្នាក់ បានទិញថ្នាំញៀន២ម៉ឺនរៀលយកមកប្រើប្រាស់រួចអង្គុយយាមនៅក្នុងខុនដូសុខៗ ស្រាប់ឮអ្នកក្បែរខាងថា ចាប់យកទៅពិនិត្យទឹកនោម ស្រាប់តែភ័យស្លន់ស្លោរត់ឡើងខុនដូយូអេស៩៩៩ជាន់ទី៧ ចូលបន្ទប់៧០២ ត្រូវបានម្ចាស់គេឃើញទាន់ចាប់ខ្លូនប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាគា ខុនដូ យូអេស៩៩៩ជាន់ទី៧ បន្ទប់លេខ៧០២ តាមបណ្តោយផ្លូវ៥៩២ កែងនឹងផ្លូវ៥៩៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ វណ្ណ ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខរបស់ក្រុមហ៊ុន ខុនដូ យូអេស៩៩៩ ស្នាក់នៅម្តុំវិមានឯករាជ្យ មានស្រុកកំណើត ឃុំល្វេរ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បើតាមសម្តីស្ត្រីជាម្ចាស់បន្ទប់បានឲ្យដឹងថា មុនកើតហេតុរូបគាត់ចូលដេកក្នុងបន្ទប់ជាធម្មតា លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែសំឡេងជនសង្ស័យស្រែកឡូឡា និងមកគោះបន្ទប់ ពេលគាត់បើកទ្វារមើល ស្រាប់ជនសង្ស័យបម្រុងរត់ចូលក្នុងបន្ទប់ ធ្វើឲ្យមានការផ្អើលឆោឡោដល់បន្ទប់ជិតខាងចេញមកអន្តរាគមន៍ឃាត់ខ្លួន និងរាយការជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

បើតាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា រូបគេយាមវេនថ្ងៃ ចូលម៉ោង១២ថ្ងែត្រង់ចេញវិញម៉ោង១០យប់ ហើយរូបគេធ្លាប់ប្រើប្រាស់ថ្នាំញៀនយូរមកហើយ តែក្រោយរយៈពេលប៉ុន្មានថ្ងៃនេះរូបគេមិនបានប្រើប្រាស់នោះទេធ្វើឲ្យរូបគេឃ្លាន ទើបសម្រេចចិត្តទិញថ្នាំញៀនពីអ្នកស្គាល់គ្នាម្នាក់ក្នុងតម្លៃ២ម៉ឺនរៀល យកមកប្រើប្រាស់មុនពេលចូលយាម បន្ទាប់ពីបានប្រើប្រាស់អស់ហើយ ក៏បានមកយាមដូចធម្មតា លុះដល់ម៉ោងចេញរូបគេមិនបានចេញទៅផ្ទះទេ បាននៅអង្គុយលេងទីនោះ ស្រាប់តែឮសំឡេង អ្នកក្បែរខាងថា ចាប់វាយកទៅពិនិត្យទឹកនោម ធ្វើឲ្យរូបគេឮដូច្នោះ មានកាភ័យស្លន់ស្លោ ក៏ចេះតែរត់យកតែរួចខ្លួន ស្រាប់តែរត់ឡើងដល់ជាន់ទី៧បន្ទប់លេខ៧០២ បម្រុងចូលឲ្យគេជួយតែប៉ុណ្ណោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner