រ៉ឺម៉កម៉ូតូឥណ្ឌាបើកបុករថយន្តពីក្រោយ របួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងភ្ញៀវ២នាក់របួសស្រាល ក្រោយពីបើករ៉ឺម៉កម៉ូតូឥណ្ឌាក្នុងល្បឿនលឿនជ្រុលបុករថយន្តដឹកទំនិញពីក្រោយកំពុងឈប់ស្តុបពេញទំហឹង កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្តុបផ្សារដើមគរ ផ្លូវមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តហ៊ីយាន់ដាយប្រភេទ៣តោន មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ កំពត3A -0483 បានដឹកទំនិញធ្វើដំណើររតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុ បានឈប់ចាំស្តុប ស្រាប់តែមានរ៉ឺម៉កម៉ូតូឥណ្ឌាមួយគ្រឿង បើកបរដោយបុរសម្នាក់ ដឹកភ្ញៀវជានារី២នាក់ ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនហើយមិនប្រយ័ត្ន និងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យគៀបម្ចាស់រ៉ឺម៉កម៉ូតូរ ងរបួសធ្ងន់ ឯនារីពីរនាក់ជាភ្ញៀវរងរបួសស្រាល។

ក្រោយពេលកើតហេតុ បុរសរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ ចំណែករថយន្ត និងរ៉ឺម៉កម៉ូតូឥណ្ឌា ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕ធ.ដ

