រដ្ឋបាលខេត្តកំពតប្រារព្ធពិធីបុណ្យមាឃបូជា ដោយមានអ្នកចូលរួមប្រមាណ១០០០នាក់

រដ្ឋបាលខេត្តកំពតបានប្រារព្ធ ពិធីបុណ្យមាឃបូជា ក្រោមអធិបតីឯកឧត្តម  ជាវ តាយ អភិបាលខេត្ត នៅរសៀល ថ្ងៃអង្គារ៍ ១៥  កើត  ខែមាឃ  ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩  ខែកុម្ភៈ  ឆ្នាំ២០១៩។ ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ  លោកគ្រូ  អ្នកគ្រូ អស់លោក​ លោកស្រីដែលជាមន្ត្រីជុំវិញខេត្ត  សិស្សានុសិស្ស  យុវជនកាក បាទក្រហម  ក្រុមកាយរិទ្ធនិង ប្រជាពលរដ្ឋ ដែលជាឧបាសក ឧបាសិកា ប្រមាណ១០០០នាក់។

 

គួររម្លឹកថា នៅគ្រប់វត្តអារាមទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុទ្ធសាសនិកខ្មែរភាគច្រើនឲ្យតែដល់បុណ្យមាឃបូជាម្តងៗ តែងតែនាំគ្នារៀបចំចាត់ចែង ទុកដាក់ បោសជូតសំអាត នៅតាមវត្តអារាម ដោយមានការតែងលំអតាំងទង់ជាតិ ទង់សាសនា តាំងព្រះពុទ្ធ បដិមា ព្រះពុទ្ធរូប ព្រះសក្យមុនីចេតីយ ព្រះសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ គ្រឿងប្រដាប់ប្រដាបូជា មានប្រទីបជ្វាលា ទានធូប ផ្កាកម្រងទៅតាមទម្រង់វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ខ្មែរ ប្រារព្ធបុណ្យមាឃបូជារំលឹកនឹកដល់កាលដែលព្រះសម្មាសម្ពុទ្ធ  ព្រះបរមគ្រូ ទ្រង់ធ្វើចតុរង្គសន្និបាតនាក្នុងសម័យពុទ្ធកាល ដែលមានតែភិក្ខុសង្ឃចំនួន១.២៥០អង្គ ជាព្រះអរហន្ត មកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាឯវត្តវេឡុវ័ន។ 

ប្រជាពលរដ្ឋកម្ពុជា តែងតែគោរពតាមព្រះពុទ្ធសាសនា អស់កាលជាយូរអង្វែងមកហើយដែលមានប្រជាពលរដ្ឋជាង៩៥%ភាគរយ ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញបានចាត់ ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក្នុងនោះ ចំនួនព្រះសង្ឃ និងវត្តអារាមមានការកើនឡើងជាលំដាប់ ដែលជាគួរមោទនក្រៃលែងសម្រាប់វិស័យព្រះពុទ្ធសាសនា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner