សហរដ្ឋអាម៉េរិក អាចនឹងពន្យារពេលដំឡើងពន្ធជាមួយចិនរហូតដល់ខែមីនា
សហរដ្ឋអាម៉េរិក៖ ស្របពេលដែលកិច្ចចរចាលើវិវាទពាណិជ្ជកម្មជាមួយប្រទេសចិន បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរនោះ សហរដ្ឋអាម៉េរិកកអាចនឹងពន្យារពេលវេលានៃការផ្អាកសង្រ្គាមដំឡើងពន្ធឲ្យហួសពីថ្ងៃទី០១ ខែមីនាខាងមុខ នេះបើតាមការបញ្ជាក់របស់លោក ដូណាល់ ត្រាំ។

ការអះអាងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ បានកើតមានឡើង បន្ទាប់ពីប្រតិភូមន្រ្តីអាម៉េរិកបានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង កាលពីសប្តាហ៍មុន ដើម្បីចូលរួមការពិភាក្សានៃកិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិន ខណៈការកិច្ចពិភាក្សាជាបន្ទាប់ទៀតនឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍ត និងថ្ងៃសុក្រសប្តាហ៍នេះ។

សហរដ្ឋអាម៉េរិក និងចិន បានបង្កសង្រ្គាមពាណិជ្ជកម្មដាក់គ្នា ចាប់តាំងពីពេលដែលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែមិថុនា ឆ្នាំ២០១៨ថា ទំនិញចិនគិតជាទឹកប្រាក់ស្មើនឹង៥០ពាន់លានដុល្លារ ដែលនាំចូលមកកាន់សហរដ្ឋអាម៉េរិកនឹងត្រូវជាប់ពន្ធ២៥ភាគរយ សំដៅព្យាយាមស្រោចស្រង់ឡើងវិញ នូវឱនភាពពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង៕ធ.ដ
