ការស៊ើបអង្កេតមួយកំពុងដំណើរការ ខណៈលេចឮព័ត៌មានថា អាម៉េរិកចង់លក់បច្ចេកវិទ្យានុយក្លេអ៊ែរឲ្យទៅអារ៉ាប៊ីសាអូឌីត

សហរដ្ឋអាម៉េរិក៖ គណៈកម្មាធិការមួយគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ កំពុងបានបើកការស៊ើបអង្កេតលើព័ត៌មានទាក់ទិននឹងផែនការរបស់សេតវិមានក្រោមការដឹកនំារបស់លោក ដូណាល់ ត្រាំ មានបំណងលក់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរឱ្យទៅអារ៉ាប៊ីសាអូឌីត នេះបើតាមរបាយការណ៍ថ្មីមួយរបស់សភាអាម៉េរិក។

កន្លងមក អារ៉ាប៊ីសាអូឌីត ធ្លាប់បានបង្ហាញជាច្រើនលើកពីបំណងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីពីពិពិធកម្មវិស័យថាមពលរបស់ខ្លួន កុំឱ្យពឹងផ្អែក ទៅលើប្រេងតែមួយមុខ។ ប៉ុន្តែទន្ទឹមគ្នាមជ្ឈដ្ឋានខ្លះនៅតែមានការព្រួយបារម្ភ ដោយខ្លាចក្រែងមហាសេដ្ឋីប្រេងអារ៉ាប់ អាចនឹងបំលែងបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ទៅជាការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរនៅថ្ងៃអនាគត ដូចអ្វីដែលសហរដ្ឋអាម៉េរិកបានចោទ និងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។

យ៉ាងណាមិញ ការចេញផ្សាយរបាយការណ៍របស់សភាអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយក្រុមអ្នកអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរជាច្រើននាក់នៅឯសេតវិមាន កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះ ដើម្បីពិភាក្សាគ្នាលើគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅតាមបណ្ដាប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានទាំងអារ៉ាប៊ីសាអូឌីតផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner