កិច្ចប្រជុំ ARMY TO ARMY TALK រវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌូនេស៊ី
ក្នុងកិច្ចប្រជុំ ARMY TO ARMY TALK (A2AT 2018 ) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងជាតិឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅ
នៅសណ្ឋាគារភ្នំពេញ ក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាកិច្ចប្រជុំប្តូរវេន ដើម្បីពិនិត្យមើលលទ្ធផលការងារឆ្នាំ២០១៨ និងបន្តអនុវត្តន៍ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ជើងគោក និងឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ច ហ្វាចរ៉ូឌិន (MOCH FACHRUDIN ) តំណាងមេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី។

បន្ទាប់ពីក្រុមការងារ Army to Army talk កងទ័ពជើងគោក និងក្រុមការងារកងទ័ពជាតិឥណ្ឌូនេស៊ី បានធ្វើការប្រជុំពិភាក្សាដេញដោលវែកញែកយ៉ាងផុលផុសនូវលទ្ធផលកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរ បានអនុវត្តន៍ក្នុងឆ្នាំ២០១៨ ដោយពិនិត្យរាល់ខ្លឹមសារ សំណើ និងសំណូមពរក្នុងការដាក់ចេញភារកិច្ចបន្តឆ្នាំ២០១៩ ពេញមួយព្រឹករួចមក។

ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុ ឌីណា នាយសេនាធិការរងកងទ័ពជើងគោក បានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំ Army to Army talk ឆ្នាំ២០១៨ថា MOU រវាងកងទ័ពជើងគោកប្រទេសទាំងពីរត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាជាវិជ្ជមាន ការឧបត្ថម្ភលើការកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងប្រព័ន្ធហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហាររូបករណ៍ពីសំណាក់កងទ័ជាតិឥណ្ឌូនេស៊ីជូនបណ្តារកងឯកភាពនៃកងយោធពលខេមរភូមិន្ទលើច្រើនជំនាញ។

ក្នុងការកំណត់ជាក់ស្តែង នាឆ្នាំនេះភាគីទាំងពីរបានអនុវត្តន៍សកម្មភាពរបស់ខ្លួនឆ្នាំ២០១៨ ដោយបានចាត់បញ្ជូននាយទាហានជាន់ខ្ពស់ធ្វើទស្សនកិច្ច ការផ្លាស់ប្តូរនាយទាហានចារកម្មទស្សនកិច្ចពីគ្នាទៅវិញទៅមក។ រីឯការផ្លាស់ប្តូរកម្មវិធីសិក្សា ក្នុងនោៈឥណ្ឌូនេស៊ីបានផ្តល់ឲ្យកម្ពុជាមានវគ្គហ្វឹកហ្វឺន
ឆត្របញ្ជារយៈពេល៦សប្តាហ៍ វគ្គហ្វឹកហ្វឺនឡើងភ្នំរយៈពេល៨សប្តាហ៍ សំដៅលើកកម្ពស់សមត្ថភាព
កងយោធពលខេមរភូមិន្ទ ពិសេសការងារការពារបូរណះភាពទឹកដី។

បន្ទាប់ពីកិច្ចពិភាក្សាឯកភាពគ្នាលើរបាយការណ៍សង្ខេបនៃកិច្ចសហប្រតិបត្តិការរួចមក តំណាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរឯកឧត្តម អួន សារឿន និងឯកឧត្តម ម៉ច ហ្វារ៉ូឌីន បានថ្លែងសន្ទរកថា បើក និងបិទកិច្ចប្រជុំ ព្រមទាំងការផ្តលអនុសាសន៍បំភ្លឺពីបញ្ហាចំពោះមុខដែលភាគីទាំងពីរត្រូវបន្តរួមគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។

ខ្លឹមសារសង្ខេបនៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចពិភាក្សានៃកំណត់ហេតុ ស្តីពីទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជាតិឥណ្ឌូនេស៊ីប្រចាំឆ្នាំ២០១៩ ។ កិច្ចប្រជុំ Army to Army talk រវាងកងទ័ពជើងគោក បានបិទបញ្ចប់ដោយក្តីសោមនស្សរីករាយរាក់ទាក់ ស្និទ្ធស្នាល មិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនឿទុកចិត្តផងដែរ៕ធ.ដ