រដ្ឋាភិបាលឡាវ និងក្រុមអ្នកវិនិយោគចាប់ផ្តើមការចរចាផ្តល់ប្រាក់សំណងដល់ជនរងគ្រោះ នៃឧបទ្ទវហេតុបាក់ទំនប់វារីអគ្គិសនីកាលពីឆ្នាំមុន
ឡាវ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា រដ្ឋាភិបាលឡាវ និងក្រុមអ្នកវិនិយោគបានចាប់ផ្តើមការចរចាជាមួយក្រុមគ្រួសារដែលរងគ្រោះ ក្នុងហេតុការណ៍បាក់ទំនប់វារីអគ្គិសនី Xe Pian-Xe Nam Noy កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងចំនួនលុយសំណង ក្នុងនោះរាប់បញ្ចូលទាំងការខូចខាតយានយន្ត ទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់ប្រជាជន។

អភិបាលស្រុក Sanamxay លោក Bunhom Pommasan បាននិយាយថា ការចរចាត្រូវបានប្រព្រឹត្តទៅ ដើម្បីផ្តល់សំណងដល់ប្រជាជន ដែលមានយានយន្តត្រូវបានបំផ្លិចបំផ្លាញ។ រីឯសំណងលើការខូចខាតផ្ទះសម្បែង ដំណាំ និងទ្រព្យសម្បតិ្តផ្សេងទៀតនឹងត្រូវពិភាក្សានាពេលក្រោយទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ជនរងគ្រោះក្នុងហេតុការណ៍បាក់ទំនប់វារីអគ្គិសនីទទួលបានជំនួយជាប្រាក់ប្រមាណជាង១២ដុល្លារជាប្រចាំខែ លុយប្រចាំថ្ងៃចំនួន០,៦៥ដុល្លារ ព្រមទាំងអង្ករចំនួន២០គីឡូក្រាមជារៀងរាល់ខែផងដែរពីរដ្ឋាភិបាលឡាវ។ ក្រៅពីនេះ ក្រុមអ្នកវិនិយោគិនបរទេសក្នុងទំនប់វារីអគ្គិសនីឡាវ កាលខែមុន បានយល់ព្រមផ្តល់សំណងជាប្រាក់ទៅដល់សាច់ញាតិអ្នកស្លាប់ ឬបាត់ខ្លួនចំនួន៧១នាក់ក្នុងម្នាក់មួយម៉ឺនដុល្លារ។ ទន្ទឹមនឹងគ្នានេះដែរ អ្នកវិយោគិនទាំងនោះក៏បានផ្តល់ចំនួនមនុស្សធម៌ និងបរិច្ចាគប្រាក់ដល់ជនរងគ្រោះថែមទៀតផង៕ធ.ដ
