អារ៉ាប៊ីសាអូឌីតមានគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅតំបន់កាស្មៀរ រវាងប៉ាគីស្ថាន និងឥណ្ឌា
អារ៉ាប៊ីសាអូឌីត៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានលើកឡើងថា ខ្លួននឹងខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន មុនការយាងមកដល់របស់រាជទាយាទ មហាម៉េដ ប៊ីន សាល់ម៉ាន់ នៅទីក្រុងញ៊ូដេលី ប្រទេសឥណ្ឌា។ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់ កំពុងយាងបំពេញទស្សនកិច្ចនៅអាស៊ី ហើយទ្រង់ទើបតែបានយាងមកដល់ប្រទេសប៉ាគីស្ថាន។

ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា ដែលជាលទ្ធផលនោះបានសម្លាប់ទាហានឆ័ត្រយោងឥណ្ឌា៤០នាក់ ខណៈក្រុមជីវពល ចៃ អេ មហាម៉ាដ ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន បានអះអាងថា ពួកគេគឺជាអ្នកឈរនៅពីក្រោយការវាយប្រហារមួយនេះ។

ទន្ទឹមគ្នានោះដែរ ប៉ាគីស្ថានបានធ្វើការច្រានចោលរាល់ការរួមចំណែកណាមួយនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ប៉ុន្តែឥណ្ឌាបានចោទប្រកាន់រដ្ឋមួយនេះថា បានជាប់ពាក់ព័ន្ធ ហើយពួកគេបានប្តេជ្ញាថា នឹងធ្វើឲ្យប្រទេសជិតខាងមួយនេះឯកកោនៅលើឆាកអន្តរជាតិ៕ធ.ដ
