អាម៉េរិកសម្រេចនាំចូលស្វាយពីវៀតណាម ក្រោយចរចាអស់ពេល១០ឆ្នាំ

ក្រោយការចរចា១០ឆ្នាំ ស្វាយរបស់វៀតណាមត្រូវបានផ្តល់អាជ្ញាប័ណ្ណនាំចេញទៅសហរដ្ឋអាម៉េរិកហើយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews។

ថ្លែងក្នុងពិធីប្រកាសពីអាជ្ញាប័ណ្ណនេះ រៀបចំឡើងក្នុងក្រុងហាណូយ អនុរដ្ឋមន្ត្រីកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាមលោក Le Quoc Doanh បាននិយាយថា ការនាំចូលស្វាយពីវៀតណាមទៅអាម៉េរិកនេះ បង្ហាញពីកិច្ចសហប្រតិបតិ្តការមានប្រសិទ្ធិភាព រវាងប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម។ លោកថា «ផ្លែស្វាយគឺជាប្រភេទផ្លែឈើសម្បូរនៅវៀតណាម។ ការផ្តល់អាជ្ញាប័ណ្ណពីអាម៉េរិកសម្រាប់ការនាំចូលនេះបង្ហាញពីដំណឹងល្អសម្រាប់ឧស្សាហកម្មកសិកម្ម និងកសិករនៅប្រទេសវៀតណាម ក៏ដូចជាបញ្ជាក់ពីភាពវិជ្ជមាននៃផ្លែឈើរបស់វៀតណាមផងដែរ»។ សូមបញ្ជាក់ថា ស្វាយរបស់វៀតណាមត្រូវបាននាំចេញទៅ៤០ប្រទេស រួមមានទាំងកូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី អូស្ត្រាលី ញ៉ូវហ្សេឡែន ចិន និងប្រទេសថៃ ជាដើម។ បើតាមមន្ត្រីក្រសួងកសិកម្មវៀតណាមថា អាម៉េរិកគឺជាទីផ្សារដ៏មានឥទ្ធិពល ដោយគេដឹងថា ១ឆ្នាំៗ អាម៉េរិកនាំចូលស្វាយប្រមាណ៤០ម៉ឺនតោន ពីម៉ិកស៊ិក ប៉េរូ អេក្វាឌ័រ ប្រេស៊ីល និងក្វាតេម៉ាឡា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner