ដំណើរការអនុវត្តគម្រោងសាកល្បងបច្ចេកវិទ្យាថ្មី សាងសង់កម្រាល និងចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប ដោយប្រើបេតុងជ្រាបទឹក
ជប៉ុនបានចាប់ផ្តើមអនុវត្តគម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប ដោយប្រើបេតុងជ្រាបទឹក នៅផ្លូវប្រសព្វតំបន់ Pub Street ហើយគម្រោងនេះនឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។
បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក និងត្រូវបានបើក ការដ្ឋានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រុមហ៊ុនOmura Ceratec Co.,Ltd របស់ជប៉ុន បានចាប់ផ្តើមអនុវត្តគម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មី សាងសង់កម្រាល និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក តាមបណ្តោយផ្លូវ២ធ្នូ ប្រវែង៩៣ម៉ែត្រ ពីចំណុចផ្លូវប្រសព្វ Pub Street ដល់មុខក្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោក Hiroya Kon អ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Omura Ceratec Co.,Ltd បានបញ្ជាក់ថា គម្រោងសាកល្បងនេះមាន គោលបំណងរួមចំណែកការពារទឹកជំនន់ ដក់លើផ្លូវ និងចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជំរាបទឹក (Permeable Interlocking Block Pavement)ជាបច្ចេកវិទ្យា និងស្តង់ដារជប៉ុន។
បើតាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា នេះគឺជាគម្រោងមួយថ្មី ដែលយើងនឹងសិក្សាជាបន្តបន្ទាប់ទៀតក្នុងការបែងចែកទ្រូងផ្លូវ ផ្លូវថ្មើរជើង និងចំណតយានយន្ត ដើម្បីឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ជួយកាត់បន្ថយនូវការកកស្ទះក្នុងទីប្រជុំជនទៀតផង។

លោកបន្តថាយើងបានលើកគម្រោងនេះកាល ពីចុងឆ្នាំ២០១៦ ហើយនៅខែមករា ឆ្នាំ២០១៧ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនJICA បានមកទំនាក់ទំនង និងសិក្សាពីទីតាំង ក្រោមការសហការសម្របសម្រួលពីអាជ្ញាធរក្រុងសៀមរាប និងបានការគាំទ្រជំរុញបន្ថែមពីក្រសួងសាធារណការ និងដឹកដឹកជញ្ជូន ដោយផ្តោតសំខាន់ទៅលើតំបន់ក្នុងក្រុងដែលមានទេសចរធ្វើដំណើរថ្មើរជើងច្រើន។ គម្រោងសាកល្បងនេះចាប់ផ្តើមអនុវត្តពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩នេះ។

មកដល់ថ្ងៃទី២០កុម្ភៈនេះ គម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប ដោយប្រើបេតុងជ្រាបទឹក ត្រូវបានដំណើរធ្វើការដាក់ប្រព័ន្ធលូ បានមកដល់មុខមន្ទីរពេទ្យបង្អែកខេត្ត នៅតែធ្វើការរៀបចំរៀបក្រាលបេតុងជ្រាបទឹកនៅលើដីចញ្ចើមផ្លូវ ដោយក្រុមអ្នកបច្ចេកទេសបានយកចិត្តទុកដាក់ខ្ពស់ ដោយមិនឲ្យប៉ះពាល់ដល់បរិស្ថានទៀតផងដែរ៕ធ.ដ ដោយៈ ម៉ី សុខារិទ្ធ