សម្តេចតេជោ ហ៊ុន សែន បន្តជួបកម្មករជាង១ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល
នៅព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប១ម៉ឺន១ពាន់២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានឲ្យដឹងថា កម្មករ កម្មការិនី ដែលត្រូវបានអនុញ្ញាតជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹក
នេះមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ និងក្រុងតាខ្មៅចំនួន១។ រោងចក្រទាំង៣៤នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦ ខ្មែរចំនួន៥ កូរ៉េចំនួន១ ជប៉ុនចំនួន១ និងអាម៉េរិកចំនួន១។

រោងចក្រទាំងនេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៩ ផលិតស្បែកជើងចំនួន៣ បោកគក់ចំនួន១ បោះពុម្ពលើសម្លៀកបំពាក់ចំនួន៣ ផលិតកេសកាតុងចំនួន២ ផលិតធុងទឹកចំនួន១ ផលិតអំបោះនិងកៅស៊ូចំនួន១ ផលិតកាបូបចំនួន១ ផលិតបារីចំនួន១ ផលិតខ្សែភ្លើងចំនួន១ ផលិតថ្នាំលោបចំនួន១ ផលិតប្រេងរំអិលចំនួន១ ផលិតកូនបាល់ចំនួន១ ផលិតគ្រឿងសង្ហារិមចំនួន១ ដំឡើងម៉ូតូចំនួន១ ផលិតសម្ភារពេទ្យចំនួន១ ដេរប៉ាក់លើសម្លៀកបំពាក់ចំនួន១ ផលិតផ្លាសស្ទិកចំនួន១ ផលិតឆត្រចំនួន១ ផលិតស្លាកសញ្ញាសម្លៀកបំពាក់ និងស្បែកជើងចំនួន១ និងផលិតគុយទាវចំនួន១។

ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៨២ មានកម្មករ និយោជិតចំនួន ១៥៥,៣៦០នាក់ ដែលមានប្រាក់ឈ្នួលសរុប៥២៦លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៧៤ មានកម្មករនិយោជិតចំនួន ១៣៧,៩១៥នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៤៦៧លានដុល្លារក្នុងមួយឆ្នាំ។

សមិទ្ធផលរោងចក្រដែលកំពុងមានវត្តមាននៅក្នុងខេត្តកណ្តាលនេះ ជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ជាថ្ងៃដំបូងដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី រហូតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ជាជំនួបសំណេះសំណាលើកទី៦៤ហើយ។ ជំនួប៦៤លើកនេះ មានប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ កម្មការិនីចូលរួម ៩១៧,៧១២នាក់៕ធ.ដ
