លោក ឃួង ស្រេង បញ្ជាឲ្យបិទទីតាំងសត្តឃាតមាន់មួយកន្លែង ដោយមានបណ្តឹង២០គ្រួសារ ដែលជះក្លិនស្អុយ និងបន្លឺសំឡេងរំខាន តែម្ចាស់ទីតាំងនៅរឹងទទឹង
ភ្នំពេញ៖ បន្ទាប់ពីមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋអ្នកក្បែរខាងជាង២០គ្រួសារ ជាយូរមកហើយ ដែលជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃ អាជ្ញាធរខណ្ឌឬស្សីកែវ នាំយកសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីមកបិទជាស្ថាពរទៅលើទីតាំងសត្តឃាតមាន់មួយកន្លែង របស់លោក សុខ សុគន្ធ ស្ថិតនៅផ្ទះលេខ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ការសម្រេចបិទអាជីវកម្មសត្តឃាតមាន់នេះដឹកនាំដោយលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌបានធ្វើឡើងដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី-ខណ្ឌ ប្រធានបសុពេទ្យសត្វប្រចាំខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
លោក លឹម សាម៉ឺឌី បានឲ្យដឹងថា មុនឈានដល់ការបិទជាស្ថាពរចំពោះទីតាំងសត្តឃាតមាន់របស់លោក សុខ សុគន្ធ ដោយសារតែម្ចាស់អាជីវកម្ម មិនបានរៀបចំឲ្យបានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដា បច្ចេកទេស និងរងការប្ដឹងចោទប្រកាន់ពីប្រជាពលរដ្ឋ អ្នកក្បែរខាងជាង២០គ្រួសារ ថាមានជះក្លិនស្អុយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងមានបន្លឺសំឡេងរំខាន ទាំងយប់ទាំងថ្ងៃ។
ទោះយ៉ាងណាក៏ដោយ លោក សុខ សុគន្ធ ដែលជាម្ចាស់អាជីវកម្មសត្តឃាតមាន់ បានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់មន្ត្រីជំនាញពាក់ព័ន្ធមកធ្វើការសើបអង្កេតនូវទីតាំង ជាក់ស្ដែងជាមុនសិន មុនឈានដល់ការបិទ ដើម្បីរកផលប៉ះពាល់ មុនដែលលោកដាក់ពាក្យប្ដឹងទៅរដ្ឋបាលរាជធានីភ្នំពេញ តវ៉ាបន្តទៀត។
តបទៅនឹងម្ចាស់ទីតាំង លោក លឹម សាម៉ឺឌី បានឲ្យដឹងទៀតថា យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាង២០គ្រួសារ និងការចុះត្រួតពិនិត្យជាក់ស្ដែងទៅលើទីតាំង ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនានា និងចេញសេចក្ដីជូនដំណឹងជាច្រើនលើកមកហើយ និងលើកចុងក្រោយនេះ មានសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង ដាច់ខាតត្រូវតែផ្អាកអាជីវកម្ម និងបិទទីតាំងជាស្ថាពរ ចាប់ពីពេលនេះតទៅ បើក្នុងករណីម្ចាស់ទីតាំងលោក សុខ សុគន្ធ មិនអនុវត្តតាមការណែនាំ នោះរដ្ឋបាលខណ្ឌ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕ធ.ដ

