រាជទាយាទអារ៉ាប៊ីសាអូឌីតចាប់ផ្តើមទស្សនកិច្ចនៅទ្វីបអាស៊ី ជាមួយកិច្ចព្រមព្រៀងវិនិយោគ២០ពាន់លានដុល្លារនៅប៉ាគីស្ថាន
អារ៉ាប៊ីសាអូឌីត៖ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនជាច្រើន កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដែលមានតម្លៃរហូតដល់ទៅ២០ពាន់លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន។

កិច្ចព្រមព្រៀងនេះ បានកើតមានឡើងស្របពេលដែលរាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េត ប៊ីន សាល់ម៉ាន់ ចាប់ផ្តើមទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ទ្រង់ ដើម្បីស្វះស្វែងងើបចេញឱ្យផុតពីរឿងរ៉ាវ ទាក់ទិននឹងការធ្វើឃាតអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី។

ប៉ាគីស្ថានកំពុងប្រឈមនឹងវិបត្តិសាច់ប្រាក់យ៉ាងធ្ងន់ និងសង្ឃឹមថា កិច្ចព្រមព្រៀងទាំងប្រាំពីរ និងអនុសារណៈយោគយល់គ្នាមួយនឹងផ្តល់នូវជំនួយសង្គ្រោះដល់សេដ្ឋកិច្ចរង្គោះរង្គើរបស់ប្រទេសមួយនេះ ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ បានអរគុណដល់សម្ព័ន្ធមិត្តយូរអង្វែងអារ៉ាប៊ីសាអូឌីតសម្រាប់ការគាំទ្រ ហើយបន្ថែមថា ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីតពេលនេះ កំពុងនាំយកទំនាក់ទំនងនេះ ទៅដល់កម្រិតមួយ ដែលពួកគេមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ថា បន្ទាប់ពីការបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន រាជទាយាទអារ៉ាប៊ីសាអូឌីតរូបនេះ នឹងបន្តយាងទៅកាន់ប្រទេសឥណ្ឌា និងចិន ជាបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ៕ធ.ដ
