សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់១ឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងបានបង្កលក្ខណៈងាយស្រួល ក្នុងដំណើរការនៃការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជិត២០ចុងក្រោយនេះ បានកែប្រែស្ថានភាព និងជីវភាពរស់នៅរបស់ស្ត្រី មានការរីកចម្រើនល្អប្រសើរជាលំដាប់។

លោកជំទាវបានបន្តថា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានខិតខំបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ តាមព្រះរាជអនុសាសន៏ដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងអនុសាសន៍គន្លឹះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី អនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានដាក់ចេញឲ្យអនុវត្តក្នុងឆ្នាំ២០១៨។

លោកជំទាវប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បានឱ្យដឹងទៀតថា សមិទ្ធផលដែលសម្រេចបាននេះ គឺអាស្រ័យដោយការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា និងកិច្ចសហការល្អពីក្រុមការងារបច្ចេកទេសក្នុងក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តទៅតាមផែនការរំពឹងទុកប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។ ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហារបស់ស្ត្រី។ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ឲ្យកាន់តែល្អប្រសើរ និងស្មើមុខស្មើមាត់ជាមួយបុរសនៅក្នុងសង្គម ហើយស្ត្រីកាន់តែច្រើនត្រូវបានបានបញ្ចូលទៅក្នុងតួនាទីថ្នាក់ដឹកនាំ និងការសម្រេចចិត្តនៅតាមក្រសួងស្ថាប័ននានា។

ជាក់ស្តែងនៅក្នុងស្ថាប័នកំពូលរបស់កម្ពុជាទាំងស្ថាប័ននីតបញ្ញត្តិ និងប្រតិបត្តិស្ត្រីកាន់តែច្រើនត្រូវបានបញ្ចូលទៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ ក្នុងនោះស្ថាប័នរដ្ឋសភា លោកជំទាវ ឃួន សុដារី ត្រូវបានជ្រើសតាំងជាអនុប្រធានទី២នៃរដ្ឋសភា។ ដោយឡែកក្នុងស្ថាប័ននីតិប្រតិបត្តិសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ អ៊ឹង កន្ថាផាវី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ ក្រៅពីនោះមានស្ត្រីជាច្រើនត្រូវបានតែងតាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងអភិបាលខេត្តជាដើម ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៅលើស្ត្រីតាមរយៈការផ្តល់សេវាគាំពារដល់ស្ត្រីជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងស្ត្រីជាកម្មការិនីនៅតាមវិស័យឧស្សាហកម្ម។ ក្នុងឆ្នាំ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូនប្រមាណ៤០ម៉ឺនរៀលសម្រាប់អ្នកសម្រាលបានកូន១ ៨០ម៉ឺនរៀលសម្រាប់សម្រាលកូនភ្លោះ២ និង១លាន២សែនរៀលសម្រាប់អ្នកសម្រាលកូនភ្លោះ៣៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner