នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ១ ចាប់ក្រុមមុខសញ្ញាឆក់បាន៦នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមមុខសញ្ញាដែលស្ទាក់ឆក់ទូរសព្ទ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅម្ដុំស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ ឃាត់ខ្លួនបាន៦នាក់ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០៩ នៅក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមវីឌីអូដែលបង្ហោះចែកចាយលើសង្គម Facebook កាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានក្រុមក្មេងស្ទាវមួយក្រុមដែលមានគ្នាប្រមាណជាង១០នាក់ ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានធ្វើសកម្មភាពឆក់ទូរសព្ទ ម៉ាក iPhone 6 ពីជនរងគ្រោះ ដែលជាអ្នកធ្វើដំណើរ ជិះម៉ូតូឌុបគ្នា បានសម្រេច ហើយបានរត់គេចខ្លួនបាត់ស្រមោលអស់។

ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ទេ។ តែក្រោយពេលដែលទទួលបានព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ១ បានបើកការស្រាវជ្រាវ និងចុះឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ដែលពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថេន វណ្ណថន អាយុ១៦ឆ្នាំ ស្នាក់នៅភូមិមានជ័យ១ ខណ្ឌមានជ័យ ក្នុងចំណោមបក្ខពួកទាំង៦នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរសព្ទរបស់ជនគ្រោះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន ហើយជនសង្ស័យទាំង៦នាក់ខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានផ្ទុកសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៦ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner