ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus កាត់បន្ថយការងារចំនួន ១៥.០០០ ចំពេលវិស័យអាកាសចរណ៍ ពិភពលោករងគ្រោះធ្ងន់ធ្ងរដោយសារវិបត្ត COVID-19

អឺរ៉ុប៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus បានប្រកាសពីផែនការកាត់បន្ថយការងារប្រមាណ១ម៉ឺន ៥ពាន់នៅទូទាំងពិភពលោក និង បានព្រមានអំពីការកាត់បន្ថយការងារបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ នេះបើតាមសារព័ត៌មាន CGTN ។ ប្រភពបានឱ្យដឹងថា មិនយូរលើសពីរដូវក្តៅឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុន Airbus ចង់ជម្រុះចោលបុគ្គលិក ៥ពាន់នាក់នៅបារាំង ៥ពាន់១រយនាក់នៅអាល្លឺម៉ង់ ១ពាន់៧រយនាក់នៅអង់គ្លេស ៩រយនាក់នៅអេស្ប៉ាញ និង១ពាន់៣រយនាក់នៅកន្លែងផ្សេងៗទៀត ។

បុគ្គលិកសរុបចំនួន១ម៉ឺន៥ពាន់នាក់ គឺច្រើនជាង១០ភាគរយនៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ក្រុមហ៊ុន ដែលមានចំនួន១៣ម៉ឺន៥ពាន់នាក់ ។ បើតាមក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុបមួយនេះ ខ្លួនចង់ចាប់ផ្តើមកាត់បន្ថយការងារក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយរាប់ចាប់ពីរដូវស្លឹកឈើជ្រុះតទៅ ។ ក្រុមហ៊ុនមានបំណងសុំឱ្យបុគ្គលិកស្ម័គ្រចិត្តចាកចេញ និងឆាប់ចូលនិវត្តន៍មុនពេលកំណត់ ប៉ុន្តែក៏បាននិយាយផងដែរថា ការបាត់បង់ការងារជាកាតព្វកិច្ចមិនអាចទាត់ចោលបានឡើយ ។ តាមដឹង ក្រុមហ៊ុនកំពុងពិគ្រោះយោបល់ជាមួយសហជីពនានារួចទៅហើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner