ចៅភ្លោះប្រុស ៣នាក់ របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ផ្តល់ជូនដល់គ្រួសារកូនភ្លោះ៣នាក់ ដែលជាចៅធម៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅផ្ទះលេខ ១៩E ក្រុម៣ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។
កូនភ្លោះទាំង៣នាក់នេះ មានឪពុកឈ្មោះ អ៊ុយ តាំងការ អាយុ ៤១ឆ្នាំ និងម្តាយឈ្មោះ ហែម មរកត អាយុ ៣៦ឆ្នាំ ហើយកូនភ្លោះទាំង ៣នាក់៖
ទី១ ឈ្មោះ ទឺ ស័ក្កតាំង ភេទ ប្រុស
ទី២ ឈ្មោះ ទឺ ស័ក្កទុង ភេទ ប្រុស
ទី៣ ឈ្មោះ ទឺ ស័ក្កទន់ ភេទ ប្រុស ។
ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរយ៉ាងហ្មត់ចត់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេស គឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣នាក់ ។ មិនតែប៉ុណ្ណោះ សម្តេចទាំងទ្វេ បានចាត់ទុកកូនភ្លោះ ៣នាក់នេះ ជាចៅរបស់សម្តេចផងដែរ ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ណែនាំឲ្យក្រុមគ្រួសារកូនភ្លោះទាំង៣នាក់នេះ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនជាប្រចាំ ក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ។
សូមបញ្ជាក់ថា គ្រួសារមួយនេះពិតជាកំសត់ណាស់ ដោយឪពុកម្តាយកូនភ្លោះទាំងនាក់នេះ សុតសឹងតែជាកូនកំព្រាដូចគ្នា ចំពោះការស្នាក់នៅគឺបងប្អូនឱ្យនៅចាំផ្ទះឱ្យ ។ ចំណែកឪពុកកូនភ្លោះទាំង៣វិញ មានជម្ងឺទឹកនោមផ្អែមកម្រិតធ្ងន់ផងដែរ ហើយនៅថ្ងៃប្រពន្ធឆ្លងទន្លេគាត់ក៏បានដួលសន្លប់ផងដែរ ។ ក្រុមគ្រួសារកូនភ្លោះទាំង៣នាក់ ដែលបានទទួលអំណោយនាពេលនេះ មានសេចក្តីសប្បាយរីករាយជាខ្លាំង ចំពោះការយកចិត្តទុកដាក់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត និងថ្លែងអំណរគុណចំពោះអាជ្ញាធរសង្កាត់ ពិសេសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដែលបានយកអំណោយមកផ្តល់ជូននាពេលនេះផងដែរ ។
អំណោយរបស់អនុសាខា ដែលនាំមកចែកជូននាពេលនេះរួមមាន អង្ករចំនួន ៣០គីឡូក្រាម , មី ១ កេស , ទឹកក្រូច ១ កេស , ត្រី ខ ១ យួរ , ទឹកសុទ្ធ ១ កេស រួមទាំងថវិកាចំនួន១០០,០០០ រៀល ៕







