ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិ ដល់មន្ត្រីនគរបាលរាជធានីភ្នំពេញចំនួន១០៤រូប
មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១០៤រូប ត្រូវបានធ្វើពីធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិ ក្រោមវត្តមានឯកឧត្ដមនាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមន្ត្រីនគរបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។
ក្នុងពិធីនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថ្លែងពីស្នាដៃរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានខិតខំការពារ បំពេញការងារ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ទាំងក្តៅ ទាំងរងា មិនដែលរាថយ ដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយសុខនិងសុវត្ថិភាពនាពេលកន្លងមក។ ឯកឧត្តមបន្តថា ការតែងតែមន្ត្រីនគរបាលនាពេលនេះ ធ្វើឡើងដើម្បីបង្ហាញពីការយកចិត្តទុកពីសំណាក់ថ្នាក់ដឹកនាំនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះកម្លាំងនគរបាលជាតិ និងជាការតបស្នងចំពោះការបំពេញភារកិច្ចការងារ និងកាតព្វកិច្ចទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍ ប៉ែន វិបុល បានមានប្រសាសថា ការដំឡើងឋានន្តរស័ក្ដិនេះ មិនសំដៅទៅលើអតីតភាពការងារនោះទេ គឺសំដៅទៅលើបុគ្គលមានលក្ខណៈសម្បត្តិ និងយោងទៅតាមតួនាទីភារកិច្ចជាក់ស្ដែង ទើបអាចដំឡើងឋានន្តរស័ក្ដិបាន។ ឯកឧត្ដម បានស្នើឱ្យមានការយកចិត្តទុកដាក់ សាមគ្គីផ្ទៃក្នុងរវាងអង្គភាពទាំងមូល ឱ្យបានល្អប្រសើរ និងគ្រប់គ្រងប្រើប្រាស់កម្លាំងជំនាញ ក្នុងកិច្ចប្រតិបត្តិការនីមួយៗ ឱ្យអស់ពីលទ្ធភាព។ រិះរកគ្រប់វិធី បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ឯកឧត្តមបន្តទៀតថា ក្រោយពីបំពាក់ឋានន្តរស័ក្តិរួចហើយ សូមឱ្យមន្ត្រីនគរបាលទាំងអស់ យកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានហ្មត់ចត់ និងរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អជាងមុន។ មន្ត្រីនគរបាលយើង មិនត្រូវភ្លេចការងារ និងតួនាទីរបស់ខ្លួនឡើយ ត្រូវតែគោរពពេលវេលាឱ្យបានច្បាស់លាស់ ហើយនៅតាមប៉ុស្តិ៍នីមួយៗ មន្រ្តីនគរបាលត្រូវនៅប្រចាំការជានិច្ច។
សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរុបចំនួន១០៤រូប ដែលត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែង នៅពេលនេះ មានថ្នាក់ស្នងការរង ថ្នាក់នាយការិយាល័យ ថ្នាក់អធិការ ថ្នាក់នាយរងការិយាល័យ និងថ្នាក់អធិការរង ចំពោះការបំពាក់ស័ក្ដិមានថ្នាក់ឧត្ដមសេនីយ៍ទោ ថ្នាក់វរៈសេនីយ៍ទោ និងថ្នាក់វរៈសេនីយ៍ត្រី៕ម.ន






