វៀតណាមត្រៀមចែកបទពិសោធន៍កសាងជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីជួយកូរ៉េខាងជើងឲ្យរីកចម្រើន
កូរ៉េខាងជើង៖ ក្នុងជំនួបទ្វេភាគីនារដ្ឋធានីព្យុងយ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក ផាម ប៊ិនមិញ បានថ្លែងប្រាប់សមភាគីកូរ៉េខាងជើងថា វៀតណាមត្រៀមខ្លួនជាស្រេចហើយ ដើម្បីចែករំលែករាល់បទពិសោធន៍ល្អៗទាំងការកសាងជាតិ និងការកសាងសេដ្ឋកិច្ចសង្គម ក៏ដូចជាចូលរួមរស់ជាមួយសហគមន៍អន្តរជាតិដល់មិត្តកូរ៉េខាងជើង ដើម្បីរីកចម្រើនទាំងអស់គ្នា។
បើតាមទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង ក្រៅពីបង្កើបពីបំណងចែករម្លែកបទពិសោធន៍ រដ្ឋមន្រ្តីការបរទេសវៀតណាមរូបនេះ ក៏បានបញ្ជាក់ផងដែរថា ទីក្រុងហាណូយក៏នឹងបន្តគាំទ្ររាល់កិច្ចសន្ទនានារវាងអាម៉េរិក និងកូរ៉េខាងជើងដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េដែរ ជាពិសេសការឈានទៅរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
ទន្ទឹមគ្នានោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងវិញ រំពឹងថា កូរ៉េខាងជើង និងវៀតណាមនឹងអាចពង្រឹងចំណងមិត្តភាពទ្វេភាគីឲ្យរឹងមាំលើវិស័យជាច្រើនផ្សេងទៀត មុនខួបលើកទី៧០នៃការបង្កើតចំណងការទូតមកដល់។ ប្រមុខការទូតកូរ៉េខាងជើងរូបនេះ ក៏ឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីវៀតណាមដែលតែងតែយកចិត្តទុកដាក់បន្តជ្រោមជ្រែងដល់ដំណើរការកសាងសន្តិភាព នៅឧបទ្វីបកូរ៉េដូចគ្នា៕ម.ន


