សមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបហ្គេមបាញ់ត្រី ដកហូតបានទូ៦គ្រឿង និងឃាត់មនុស្ស៣នាក់
ភ្នំពេញ៖ ទីតាំងលួចលាក់បើកល្បែងស៊ីសង២កន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវចុះបង្ក្រាប ដោយដកហូតបានទូហ្គេមចំនួន៦គ្រឿង ក្នុងនោះមានហ្គេមបាញ់ត្រីចំនួន២គ្រឿង និងហ្គេមបៀរចំនួន៤គ្រឿង ព្រមទាំងឃាត់ខ្លួនក្មេងអ្នកលេងចំនួន៣នាក់។ ការបង្ក្រាបនេះ ដឹកនាំលោកប្រាជ សីហា អភិបាលរងខណ្ឌចុះត្រួតពិនិត្យរដ្ឋបាលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ ២០១៩នៅតំបន់មិនរៀបរយ ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញទីតាំងបើកហ្គេមបាញ់ត្រីចំនួន១កន្លែង ដោយដកហូតបានទូរហ្គេមបាញ់ត្រីចំនួន២គ្រឿង និងហ្គេមបៀរចំនួន៤គ្រឿង និងឃាត់ខ្លួនក្មេងអ្នកលេង៣នាក់ ក្នុងនោះមានប្រុស១នាក់និងស្រី២នាក់ យកមកធ្វើការអប់រំ។

គួរបញ្ជាក់ថា នៅក្រោយប៉ុស្តិ៍ទួលសង្កែជាតំបន់មិនរយ ដែលសំបូរទៅដោយក្រុមយុវជន ដែលតែងតែជួបប្រមូលផ្តុំប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទប់ ។

ដោយឡែក ចំពោះល្បែងស៊ីសងហ្គេមបាញ់ត្រី ទោះបីមានការបង្ក្រាបចាប់ដកហូតមិនបានប៉ុន្មានម៉ោងនោះនៅ ពេលយប់តែងតែដាក់ដំណើរការឡើងវិញ។ ចំណែកវត្ថុតាងទូហ្គេមទាំង៦គ្រឿងត្រូវបានសមត្ថកិច្ចដឹកទៅរក្សាទុកនៅសាលាខណ្ឌឬស្សីកែវដើម្បីកម្ទេចចោល។ ចំណែកក្មេងៗត្រូវបានសមត្ថកិច្ចធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ៕ធ.ដ
