ស្រវឹងស្រាជោគ បើករថយន្តបុកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ស្រាស្រវឹងឡើងជោគជាំ ហើយបើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្កបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ហើយអ្នកបើកបរងើបលេងរួចក៏ដេកក្នុងរថយន្តតែម្ដង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវភ្លោះអូឬស្សី ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីហាយប៊្រីត ពណ៍ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2U-5042 បើកបរដោយបុរសវ័យចំណាស់ម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបាក់អស់ចំនួន១កង់ ឯរថយន្តរងការខូចខាតដាច់កង់ខាងឆ្វេងបើកទៅមុខលែងរួច ចំណែកម្ចាស់រថយន្តស្រវឹងខ្លាំងពេក ក៏ដេកលង់លក់ក្នុងរថយន្តតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅមន្រ្តីជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ៕ធ.ដ

