ឯកឧត្តម អ៊ុយ សុធាវី អញ្ជើញសម្ពោធអគារសិក្សាថ្មី ក្នុងចំណោមសមិទ្ធផលទាំង៣៦ខ្នង ជាអំណោយអង្គការសម្រេចសុបិនកុមារផ្តល់ជូនខេត្តបាត់ដំបង
គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេៈ រដ្ឋបាលខេត្តបាត់ដំបង បានទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាថ្មី ជាអំណោយរបស់អង្គការសម្រេចសុបិនកុមារ ផ្តល់ជូនដល់រដ្ឋបាលខេត្តក្នុងការបម្រើដល់វិស័យអប់រំខេត្ត ដែលមកដល់ពេលនេះ សរុបចំនួន៣៦ខ្នង ព្រមទាំងអគារអន្តេវាសិកដ្ឋានសម្រាប់សិស្ស និងគ្រូបានស្នាក់នៅ ជាច្រើនទៀត ក្នុងចំណោមអាគារសិក្សាជាង១០០ខ្នង ដែលជាជំនួយសប្បុរសជនផ្ទាល់តាមរយៈអង្គការនេះ នៅតាមបណ្តាខេត្តនានាទូទាំងកម្ពុជា។

នេះគឺជាការគូសបញ្ជាក់របស់សហប្រធានស្ថាបនិកនៃអង្គការសម្រេចសុបិនកុមារ លោក ម៉ាក ថូម៉ាស់ ជេននី និងលោក ឃ្លោក យ៉ែម ជាប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលអគារសិក្សាថ្មី សរុបចំនួន៥ខ្នង ស្មើជាង២០បន្ទប់ អគារអន្តេវាសិកដ្ឋានចំនួន១ខ្នង បង្គន់អនាម័យ ព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹមនៅគ្រប់កម្រឹតសិក្សា និងបានបំពាក់ផ្ទាំងកញ្ចក់ប្រើពន្លឺព្រះអាទិត្យ ជូនដល់សាលាបឋមសិក្សា”កំពង់ប្រហុក” ក្នុងឃុំកោះជីវាំង
(តំបន់បឹងទន្លេសាប) ក្នុងស្រុកឯកភ្នំ ផងដែរ។ មកដល់ពេលនេះអង្គការសម្រេចសុបិនកុមារ បានចំណាយថវិកាសរុប ប្រមាណជិត៣លានដុល្លារអាម៉េរិកផងដែរ។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី នៃអនុវិទ្យាល័យ “ដូនសំ” ស្ថិតនៅក្នុងភូមិអូរត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូនថា រដ្ឋបាលខេត្តបាត់ដំបង បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាថ្មី របស់អង្គការសម្រេចសុបិនកុមារជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកុម្ភៈនេះ រួមមាន៖ អគារសិក្សា២ខ្នង និងអគារអន្តេវាសិកដ្ឋាន១កន្លែង ក្នុងស្រុកឯកភ្នំ។

នៅស្រុកសង្កែ អគារសិក្សាចំនួន១ខ្នង។ ស្រុកភ្នំព្រឹក អគារសិក្សា១ខ្នង និងស្រុកសំពៅលូនចំនួន១ខ្នង ៥បន្ទប់ ព្រមទាំងបានបំពាក់នូវគ្រឿងសង្ហារឹម និងបង្គន់អនាម័យផងដែរ។ ឯកឧត្តមបានថ្លែងថា សមិទ្ធ ផលអគារសិក្សានេះ គឺពិតជាបានបម្រើសេចក្តីត្រូវការក្នុងវិស័យអប់រំ និងពីតម្រូវកាចាំបាច់ដល់ការសិក្សារបស់ក្មួយៗទាំងអស់នៅទីនេះ ដើម្បីធានាក្នុងការសិក្សាសមតាមបំណងប្រាថ្នា និងការទទូចចង់បានរបស់ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងសាលានៅទីនេះ។ វាក៏ជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជារបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំ សំដៅដល់ការកសាងនូវធនធានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ នៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

ឯកឧត្តម អ៊ុយ សុធាវី ក៏បានសំណូមពរ និងអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ត្រូវជំតុញ និងចេះតាមដាននូវការសិក្សារបស់កូនៗ ឲ្យបានគ្រប់ៗគ្នា និងត្រូវរួមគ្នា ជួយថែរក្សាការពារនូវសមិទ្ធផលទាំងនេះ ឲ្យគង់វង្សយូរអង្វែង។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជនទាំងអស់ តាមរយៈនៃអង្គការសម្រេចសុបិនកុមារ និងដៃគូអភិវឌ្ឍន៍ក្នុងខេត្ត បន្តជួយដល់ខេត្តបាត់ដំបងបន្ថែមលើវិស័យដទៃទៀត ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនក្នុងខេត្ត។ ក្នុងនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភដល់សាលានូវថវិកា១លានរៀលផងដែរ៕ធ.ដ ដោយៈ អ៊ុក សំអាន





