សភាសហរដ្ឋអាម៉េរិកយល់ព្រមផ្តល់ថវិកាជិត១,៤ពាន់លានដុល្លារ ក្នុងការសាងសង់របងដែកធម្មតា ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលជាថ្មីម្តងទៀត

សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកចរចានៃសភាអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងមួយហើយ ដោយសម្រេចផ្តល់ថវិកាជិត១,៤ពាន់លានដុល្លារ ក្នុងការដំឡើងរបងខណ្ឌចែកព្រំដែនបន្ថែម ដើម្បីបញ្ចៀសការបិទទ្វាររដ្ឋាភិបាលជាថ្មីម្តងទៀត។

តាមរយៈកិច្ចព្រមព្រៀងនេះ សភាអាម៉េរិកបានឯកភាពគ្នាផ្តល់ថវិកា ដើម្បីទ្រទ្រង់រដ្ឋាភិបាលដល់ចុងខែកញ្ញាខាងមុខ ព្រមទាំងថវិកា១,៣៧ពាន់លានដុល្លារ ដើម្បីសង់របងព្រំដែនបន្ថែមប្រវែងជិត៩០គីឡូម៉ែត្រនៅតំបន់ រីយ៉ូ ហ្គ្រេន វ៉ាល់ឡេ ក្នុងរដ្ឋតិចសាស់។

ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះទៀតសោត ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនសប្បាយចិត្តនោះទេ តែមិនបានបញ្ជាក់ថា តើលោកនឹងចុះហត្ថលេខា ឬក៏ទាត់ចោលកិច្ចព្រមព្រៀងនេះឡើយ ប៉ុន្តែលោកបញ្ជាក់ថា សេតវិមាននឹងបើកកិច្ចប្រជុំមួយ ដើម្បីជជែកអំពីបញ្ហានេះនាពេលក្រោយទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner