រុស្ស៊ីមានគម្រោងបង្កើតសព្វាវុធប្រភេទថ្មី និងប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដើម្បីលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួនឲ្យកាន់តែខ្លាំងក្លា
រុស្ស៊ី៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក យូរូ បូរីសូវ បានលើកឡើងថា ស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់យោធារុស្ស៊ី នឹងចាប់ផ្តើមធ្វើការទៅលើការបង្កើតសព្វាវុធ និងប្រព័ន្ធយោធាដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើឲ្យយោធារុស្ស៊ីកាន់តែមានសមត្ថភាពខ្លាំងក្លាបន្ថែមទៀតទៅថ្ងៃអនាគត។

សូមរំលឹកថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្តល់ការវាយតម្លៃខ្ពស់ទៅលើស្ថាប័ននៃវិស័យការពារជាតិថ្មីហៅថា សម័យកាលធ្វើរបកគំហើញបច្ចេកវិទ្យាយោធា ហៅកាត់ថា មីត ដែលស្ថិតនៅទីក្រុង អាណាផា ហើយស្ថាប័ននេះត្រូវបានកំណត់ពេលវេលាថា នឹងចាប់ផ្តើមធ្វើការពេញសមត្ថភាពទាំងស្រុងនៅចុងឆ្នាំ២០១៩នេះ ខណៈលោក ពូទីន ក៏បានបង្គាប់ឲ្យក្រុមហ៊ុនឧស្សាហកម្មយោធានានា បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយស្ថាប័នថ្មីនេះផងដែរ។

បើតាមការិយាល័យរបស់ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី ដែលមានតួនាទីគ្រប់គ្រងលើឧស្សាហកម្មវិស័យការពារជាតិរុស្ស៊ី ស្ថាប័នខាងលើនឹងផ្តោតសំខាន់ចំពោះការបង្កើតយានអវកាសខ្នាតតូច អាវុធដែលផ្អែកលើគោលការណ៍រូបវន្តថ្មីៗ ប្រព័ន្ធផ្តល់ព័ត៌មានសម្រាប់យោធាដែលផ្អែកលើបច្ចេកវិទ្យា ហៅកាត់ថា ជីអាយអេស ប្រព័ន្ធសម្រាប់ចាប់សញ្ញាវត្ថុនៅខាងក្រោមផ្ទៃទឹក និងការអភិវឌ្ឍបច្ចេកវិទ្យា អេអាយ ជាដើម៕ធ.ដ

