កម្មករសំណង់ម្នាក់ដេកស្លាប់ក្នុងការដ្ឋានការងារ
ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ត្រូវបានកម្មករសំណង់ដូចគ្នាប្រទះដេកស្លាប់ក្នុងការដ្ឋានសំណង់សាងសង់ផ្ទះល្វែងដែលខ្លួនធ្វើការ កាលពីវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសាងសង់ផ្ទះល្វែង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ឈឹម ស៊ីណង ភេទប្រុស មានមុខរបរជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិបារាយ៍តូច ឃុំបាយរាយ៍ ស្រុកបារាយ៍ ខេត្តកំពង់ធំ។

យោងតាមសម្ដីក្មួយប្រុសរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទើបតែមកពីលេងស្រុកកំណើតកាលពីថ្ងៃទី១២ ខែកុម្ភៈម្សិលមិញនេះ ពេលមកដល់ការដ្ឋានសំណង់ ក៏ធ្វើការរហូតដល់ម៉ោង៥ទើបឈប់សម្រាក។ បើតាមប្រភពពីកម្មករសំណង់ដែលធ្វើការកន្លែងជាមួយគ្នាបានឲ្យដឹងថា កន្លងមកជនរងគ្រោះតែងតែក្រោកពីព្រឹកព្រលឹមដើម្បីដាំបាយទុកហូប តែពេលព្រឹកកើតហេតុនេះ ជនរងគ្រោះមិនបានក្រោកដូចសព្វដង ទើបពួកគាត់នាំគ្នាទៅដាស់ទើបដឹងថា ជនរងគ្រោះបានស្លាប់ទៅហើយ និងមានសភាពរឹងទៀតផង ដោយមិនដឹងថាស្លាប់តាំងពីម៉ោងប៉ុន្មាននោះទេ។

ប្រភពពីបុរសម្នាក់ដែលជាដន្លងរបស់ជនរងគ្រោះបានឲ្យដឹងថា ពីក្បាលល្ងាចថ្ងៃទី១២ ខែកុម្ភៈ រូបគាត់ និងជនរងគ្រោះបាននាំគ្នាហូបស្រាថ្នាំបន្តិចបន្តួច រួចក៏បែកផ្លូវគ្នាមកសម្រាករៀងៗខ្លួន លុះព្រឹកឡើងមានគេប្រាប់ថាដន្លងគាត់បានស្លាប់ហើយ។

បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងរាយការណ៍ទៅកម្លាំងជំនាញផ្នែកកោសល្យវិច្ច័យដើម្បីចុះធ្វើកាពិនិត្យលើសពជនរងគ្រោះ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ហើយក៏ធ្វើឯកសារប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណីតែម្ដង៕ធ.ដ
