សាលារៀននៅរាជធានីភ្នំពេញ ទទួលបានសម្ភារប្រើប្រាស់ធន់នឹងអាកាសធាតុ ពីគម្រោងក្រសួងបរិស្ថាន
ពិធីប្រគល់-ទទួលសម្ភារ និងសមិទ្ធផលនានារបស់គម្រោង «រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន» នៃក្រសួងបរិស្ថាន ជូនសាលារៀនចំនួន៥ នៅក្នុងរាជធានីភ្នំពេញ រៀបចំឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងអនុវិទ្យាល័យសម្តេចហ៊ុន សែនព្រៃវែង រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងឱកាសនេះ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា ថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីការរួមចំណែកពីគ្រប់តួអង្គពាក់ព័ន្ធ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេសសហគមន៍មូលដ្ឋាន គឺជាការចាំបាច់ណាស់ ដើម្បីសម្រេចបាននូវទិសដៅជាយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ហើយការផ្តល់សម្ភារបរិក្ខារ និងការផ្ទេរសមិទ្ធផលគម្រោងនាថ្ងៃនេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ និរន្តរភាពទីក្រុង ទីក្រុងស្អាត ទីក្រុងឆ្លាតវៃ ការផ្លាស់ប្តូរឥរិយាបថ ជាពិសេសក្នុងបរិបថការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានស្នើឡើងនូវគម្រោងគំរូ ដើម្បីបង្កើតភាពធន់នឹងអាកាសធាតុនៅតំបន់ទីប្រជុំជននៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយ និងបន្សុំាទៅនឹងហេតុប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នោះគឺគម្រោង«រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន» ដែលបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ និងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដោយមានការគាំទ្រទាំងថវិកា និងផ្តល់ប្រឹក្សាពីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA)។

កន្លងមកគម្រោង បានធ្វើការជ្រើសរើសសាលារៀនគោលដៅចំនួន៥ រួមមាន ១)វិទ្យាល័យព្រះស៊ីសុវត្ថិ ២)វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី អារុណវត្តី ៣)អនុវិទ្យាល័យចតុមុខ ៤)អនុវិទ្យាល័យសម្តេច ហ៊ុន សែន ព្រៃវែង និង៥)សាលាបឋមសិក្សាភ្លើងឆេះរទេះ ដោយផ្អែកលើលទ្ធផលបឋមនៃការសិក្សាស្តីពីមូលដ្ឋានគ្រឹះ និងការកាត់បន្ថយភាពងាយរងគ្រោះ (Baseline and VRA) ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីអនុវត្តគម្រោង។

លទ្ធផលសំខាន់ៗនៃគម្រោង មានលក្ខណៈបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុមានដូចជា៖
១)ការរៀបចំសួនជីវៈចម្រុះទំហំ១៥២៧ម៉ែត្រការេ និងដាំដើមឈើចំនួន៥០៨ដើម ការសន្សំសំចៃទឹកដោយធើ្វអាងត្រងទឹកភ្លៀង បំពាក់ប្រព័ន្ធសូឡាចំនួន១២ផ្ទាំង មានកម្លាំងស្មើនឹង៣៣០០វ៉ាត់ បំពាក់អំពូល LED ចំនួន២០៨អំពូល និងកង្ហាពិដានចំនួន១០០។ លើសពីនេះទៀតគម្រោង ក៏បានកសាងសមត្ថភាពដល់លោកគ្រូអ្នកគ្រូ ស្តីពីគោលការណ៍សាលាមេត្រីបរិស្ថានតាមរយៈវគ្គបំពាក់បំប៉នគ្រូបង្គោលចំនួន៣០នាក់ មកពីសាលាទាំង៥ និងគ្រូបង្រៀន និងសិស្សចំនួន១០០០នាក់តាមប្រធានបទជាក់ស្តែង និងការរៀបចំបង្កើតក្លិបបរិស្ថានតាមសាលារៀនគោលដៅនីមួយៗផងដែរ។

២)ការសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើថាមពលអគិ្គសនី(E-bike) សម្រាប់មន្រ្តីរដ្ឋបាលរបស់ក្រសួងបរិស្ថាន ដើម្បីបង្ហាញពីការប្រើមធ្យោបាយដឹកជញ្ជូនប្រកបដោយបច្ចេកវិទ្យាប្រើកាបូនតិច និងធ្វើការសិក្សាស្តីពីប្រសិទ្ធភាព សេដ្ឋកិច្ចនៃការប្រើប្រាស់ E-bike ផលចំណេញផ្នែកបរិស្ថាន ដែលចូលរួមចំណែកក្នុងការរៀបចំគោលនយោបាយនៃផលប៉ះពាល់ពីឧស្ម័នផ្ទះកញ្ចក់និងការបំពុលខ្យល់ក្នុងបរិយាកាស។លទ្ធផលបង្ហាញថា ម៉ូតូអគ្គិសនី ប្រើប្រាស់ថាមពលអគ្គិសនីប្រហែល២.៤ Kwh (ប្រហែល៦០០រៀល) សម្រាប់ការធ្វើដំណើរក្នុងចម្ងាយ១០០គីឡូម៉ែត្រ បើធៀបនឹងម៉ូតូប្រើសាំងប្រហែល១៨០០០ រៀលក្នុងចម្ងាយផ្លូវ១០០ គីឡូម៉ែតដូចគ្នា។ ចំណែកការបញ្ចេញឧស្ម័នផ្ទះកញ្ចក់វិញ គឺទាបជាងម៉ូតូធម្មតាប្រហែល៥ដង។

៣)ការផលិត និងផ្សព្វផ្សាយនូវសកម្មភាព និងលទ្ធផលដែលគម្រោងសម្រេចបានតាមរយៈប្រព័ន្ធផ្សព្វផ្សាយរួមមានទូរទស្សន៍ វិទ្យុ និងសារអប់រំបរិស្ថាន ស្តីពីការប្រែប្រួលអាកាសធាតុ សាលាមេត្រីបរិស្ថាន និងប្រសិទ្ធផលនៃការប្រើប្រាស់ E-bike ទាក់ទងនឹងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាដើម៕ធ.ដ


