សម្ដេចក្រឡាហោម រិះគន់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដែលយកកម្លាំងយោធាទៅអនុវត្តសាលដីកា និងមានការប្រើហិង្សាលើប្រជាពលរដ្ឋនៅក្នុងជម្លោះដីធ្លី

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងរិះគន់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដែលបានយកកម្លាំងយោធា ទៅអនុវត្តសាលដីកា និងមានការប្រើហិង្សាលើប្រជាពលរដ្ឋនៅក្នុងជម្លោះដីធ្លីមួយ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ។ សម្តេចក្រឡាហោម បានថ្លែងរិះគន់យ៉ាងដូច្នេះ នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម បានថ្លែងថា “នៅខេត្តព្រះសីហនុ មន្ត្រីអនុវត្តច្បាប់មានតែនគរបាល និងកងរាជអាវុធហត្ថ និងព្រះរាជអាជ្ញា ធ្វើអ្វីក៏ដោយត្រូវឈរលើច្បាប់” ហើយការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដូចជាបញ្ហាដីធ្លី មិនអាចទាហានទៅអនុវត្តច្បាប់បានឡើយ។ គ្រប់ខេត្ត ក្រុង ពេលដោះស្រាយរាល់បញ្ហា ត្រូវយកច្បាប់ជាធំមកដោះស្រាយ ហើយមិនមែនអ្នកប្រព្រឹត្តខុស ទៅប្រើហិង្សាបាញ់បោះឡើយ។ សម្តេចបានកត់សម្គាល់នូវស្នាដៃបង្ក្រាបបទល្មើសជាច្រើន រួមនឹងការរៀបចំ សណ្តាប់ធ្នាប់សន្តិសុខនានាជាច្រើនមកទៀតកាលពីឆ្នាំ២០១៨កន្លងមក។
 
សម្តេចមានប្រសាសន៍ទៀតថា បទល្មើសព្រហ្មទណ្ឌ បើទោះបីមានការកើនឡើង ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបជាង៨៧ភាគរយ។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ បើទោះបីបានធ្វើឲ្យមនុស្សស្លាប់១៧០០នាក់ ប៉ុន្តែតួលេខនេះ បានបង្ហាញការថយ៧ភាគរយ ក្នុងនោះចំនួនមនុស្សស្លាប់ បានថយ១ភាគរយ និងចំនួនមនុស្សរងរបួសបានថយប្រមាណ១៤ភាគរយ គ្រាដែលបញ្ហាគ្រឿងញៀន ត្រូវសមត្ថកិច្ច បានបង្ក្រាបជាង៥០០គីឡូក្រាមក្នុងឆ្នាំ២០១៨កន្លងមក។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍កត់សម្គាល់ថា «ទោះបីសភាពការនៅលើសកលលោកមាន ការប្រែប្រួលស្មុគស្មាញយ៉ាងណាក៏ដោយ ទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សន្តិសុខ ការគម្រាមកំហែងភេរវកម្មជាដើម ប៉ុន្តែកម្ពុជារបស់យើង នៅតែបន្តរក្សាបាននូវសន្តិភាព នូវស្ថិរភាព នយោបាយ នូវសន្តិសុខសណ្តាប់ ធ្នាប់សាធារណ: ហើយយើងការពារបាននូវអធិបតេយ្យភាព បូរណ:ភាពទឹកដី យ៉ាងគត់មត់។»

សូមបញ្ជាក់ថា សន្និបាតក្រសួងមហាផ្ទៃរយៈពេល២ថ្ងៃ នឹងត្រូវបិទបញ្ជាប់នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner