ភ្លើងឆេះអំពៅអស់៨៣ហិកតារបស់ក្រុមហ៊ុនចំនួន២ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង
ស្វាយរៀង៖ ចម្ការអំពៅស្ករចំនួន៨៣ហិកតា ត្រូវបានអណ្តាតភ្លើងឆេះម៉ត់ស្ទើរសល់តែផេះផង់របស់ក្រុមហ៊ុនចំនួន២ ស្ថិតនៅក្នុងឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីវេលាម៉ោង១១:១០នាទី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ។
បើតាមលោក កុយ សារ៉េន ម្ចាស់ចម្ការអំពៅបានឲ្យដឹងថា មុនពេលមានភ្លើងឆេះ គេឃើញមានកម្មករកំពុងកាប់អំពៅ និងមានម៉ាស៊ីនច្រូតក៏កំពុងតែច្រូតផងដែរ ស្រាប់តែសុខៗមានជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅពិបាកគ្រប់គ្រងខ្លាំងណាស់។ លោកបានបន្តទៀតថា ខណៈដែលភ្លើងកំពុងឆេះនោះ ក្រុមកម្មករនាំគ្នារត់មកការដ្ឋាន ដើម្បីមកយកអាត្រាក់ទ័រភ្ជួរកាត់ចំការអំពៅ និងបាញ់ទឹក ប៉ុន្តែមិនបានជោគជ័យនោះទេ ដោយសារមានខ្យល់បក់ហើរស្លឹកអំពៅដែលឆេះមកកាត់មុខអាត្រាក់ទ័រ ហើយការឆេះនោះវាលឿនពេក កម្មករស្ទើររត់ពុំរួចផង។ ហេតុការណ៍នេះ បណ្តាលឲ្យឆេះអស់ចំនួប៥៧ហិកតា និងក្រុមហ៊ុន សុផាត សំណាង អស់ចំនួន២៦ហិកតាផងដែរ។
លោកបានបញ្ជាក់ទៀតថា ភ្លើងរលត់ទៅវិញនៅម៉ោង២:២០ នាទីរសៀល ហើយមូលហេតុបណ្តាលឲ្យឆេះនេះ មិនដឹងច្បាស់ថាជាករណីឆេះដោយសារធម្មជាតិ ឬមានអ្នកលួចដុត ឬជក់បារីបោះកន្ទុយបារីនោះទេ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ម.ន



