ប្រធានាធិបតីហ្វីលីពីនចង់ប្តូរឈ្មោះប្រទេស ដើម្បីលុបដានអាណានិគមកាលពីអតីតកាល
ហ្វីលីពីន៖ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានសារព័ត៌មានបាងកកប៉ុស្តិ៍ដកស្រង់សម្តីឲ្យដឹងថា រូបលោកចង់ប្តូរឈ្មោះប្រទេសហ្វីលីពីន នៅថ្ងៃណាមួយទៅជា «Maharlika (មហាលីកា)» ដើម្បីលុបដានអាណានិគមកាលពីអតីតកាល។

សូមរំលឹកឡើងវិញថា ហ្វីលីពីនដែលស្ថិតក្រោមអាណានិគមអេស៉្បាញជាង៣០០ឆ្នាំ ទទួលបានឈ្មោះថា «ហ្វីលីពីន» នេះ ពីព្រះនាមរបស់ស្តេច Philip (ហ្វីលីព) ទី២នៃប្រទេសអេស៉្បាញ។ គោលបំណងរបស់លោក ឌូតឺតេ គឺដូចទៅនឹងអតីតមេដឹកនាំផ្តាច់ការលោក Ferdinand Marcos ដែរ ដែលបានហៅប្រទេសហ្វីលីពីនថា «Maharlika» ដែលភាសាក្នុងតំបន់មានន័យថា «អភិជនខ្ពង់ខ្ពស់» ខណៈអ្នកជំនាញមួយចំនួនបានអះអាងថា ពាក្យនេះតាមពិតបកប្រែខុស ដោយវាមានន័យត្រឹមតែជា «ជនសាមញ្ញដែលមានសិទ្ធិសេរីភាពប៉ុណ្ណោះ» ។

យ៉ាងណាមិញ ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Tito Sotto បានលើកឡើងថា បំណងរបស់លោក ឌូតឺតេ នឹងតម្រូវឲ្យមានការធ្វើវិនិសោធនរដ្ឋធម្មនុញ្ញ ហើយនឹងទាមទារឲ្យមានការកែសម្រួលជាច្រើន៕ធ.ដ
