អាជ្ញាធរថៃសម្រេចបិទប៉ុស្តិ៍ទូរទស្សន៍មួយមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន មុនការបោះឆ្នោតសកលមកដល់
ថៃ៖ ប៉ុស្តិ៍ទូរទស្សន៍មួយដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីថៃធ្លាក់ពីអំណាច លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃអង្គារនេះ ត្រូវបានអាជ្ញាធរនិយ័តករទូរគមនាគមន៍ថៃសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ក្រោមហេតុផលបញ្ហាសន្តិសុខជាតិ ក្នុងគ្រាដែលការបោះឆ្នោតសាកលនឹងប្រព្រឹត្តនាខែក្រោយ។

ប៉ុស្តិ៍ទូរទស្សន៍នេះ កន្លងមកក៏ធ្លាប់ត្រូវបានបិទ២ដងមកហើយ ដោយលើកទីមួយនៅពីរថ្ងៃមុនរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលបានធ្វើឲ្យប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅឯក្រៅប្រទេសថៃដូចគ្នា ជ្រុះចេញពីកៅអីនាយករដ្ឋមន្រ្តី ហើយមួយលើកទៀតនៅឆ្នាំ២០១៧។

បើតាមគណៈកម្មការត្រួតពិនិត្យសេវាទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាតិថៃ (NBTC) កម្មវិធីធំៗពីរបស់ប៉ុស្តិ៍ទូរទស្សន៍ Voice TV រួមមាន Tonight Thailand និង Wake Up News បានចែកចាយព័ត៌មានដែលបង្កឲ្យសាធារណជនមានការភ័ន្តច្រឡំ និងខ្វែងគំនិតគ្នា ក៏ប៉ុន្តែពុំមានការបញ្ជាក់លម្អិតច្បាស់ឡើយ។ ដោយសារតែហេតុផលនេះ NBTC បានសម្រេចផ្អាកអាជ្ញាបណ្ណធ្វើប្រតិបត្តិការរបស់ Voice TV សម្រាប់រយៈពេល១៥ថ្ងៃ ដើម្បីឲ្យប៉ុស្តិ៍ទូរទស្សន៍នេះកែខ្លួនឲ្យត្រឹមត្រូវ៕ធ.ដ


