អាម៉េរិកនឹងអនុញ្ញាតឲ្យមានការហោះហើរត្រង់ពីវៀតណាមឆាប់ៗនេះ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិកគ្រោងនឹងសម្រេចអនុញ្ញាតឲ្យមានការហោះហើរត្រង់ពីប្រទេសវៀតណាម ក្នុងពេលឆាប់ៗ បើតាមការចេញផ្សាយរបស់ Straits Times កាលពីពេលថ្មីៗនេះ។ រដ្ឋបាលអាកាសចរស៊ីវិលសហព័ន្ធរបស់អាម៉េរិកត្រូវបានរំពឹងថា នឹងផ្តល់ភ្លើងខៀវ សម្រាប់ជើងហោះហើរពីវៀតណាមទៅអាម៉េរិក និងហោះហើរពីអាម៉េរិកទៅវៀតណាមវិញ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាតិ ឈ្មោះថា Vietnam Airlines ក្រុមហ៊ុន Vietjet Air និង Bamboo Airways បានបង្ហាញពីមហិច្ចតាចង់ឲ្យមានជើងហោះហើរត្រង់ទៅសហរដ្ឋអាម៉េរិក ខណៈដែលបច្ចុប្បន្ន មិនទាន់មានការហោះហើរត្រង់នៅឡើយទេ។

អ្នកដំណើរត្រូវធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ត្រូវឆ្លងកាត់បណ្តាប្រទេសនៅអាស៊ីជាមុនសិន ដូចជាចិន និងជប៉ុនជាដើម។ អាកាសចរណ៍ស៊ីវិលវៀតណាមថា ការកើនឡើងនៃទីផ្សារអាកាសចរណ៍កំពុងមានកំណើនខ្លាំង ពោលគឺកើន១៦ភាគរយ ជាមធ្យម រៀងរាល់ឆ្នាំ នៅចន្លោះពីឆ្នាំ២០១០ដល់២០១៧៕ធ.ដ

