ឆក់ទូរស័ព្ទដៃបានសម្រេច តែស៊យចំពេលសមត្ថកិច្ចជិះល្បាតប្រទះឃើញដេញចាប់ខ្លួនបានម្នាក់ រួចបន្តស្រាវជ្រាវឃាត់បាន៤នាក់ទៀត
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានឲ្យដឹងថា មានជនសង្ស័យ៥នាក់ដែលជំនាញខាងឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានី/ខេត្ត ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីជិះម៉ូតូឆក់កាបូប នឹងឆក់ទូរស័ព្ទលើជនជាតិខ្មែរ នឹងជនបរទេស កាលពីវេលាម៉ោង 06:30នាទីព្រឹក ថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ2019 នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ102 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា មុននិងឃាត់បានជនសង្ស័យខាងលើគឺ ជនរងគ្រោះមិនស្គាល់ឈ្មោះ ជនជាតិអឺរ៉ុប បានដើរម្នាក់ឯង លុះមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះក៏បានឈប់ហើយកាន់ទូរស័ព្ទដៃចុចលេង ពេលនោះក៏មានជនសង្ស័យចំនួន02នាក់ ជិះម៉ូតូ01គ្រឿង ម៉ាក Beat ពណ៍ខៀវលាយ ស បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសំរេច រួចនាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ស្រែកផ្អើលឆោរឡោ ស្របពេលកំលាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតក្នុងមូលដ្ឋានឃើញហេតុការណ៍ក៏ធ្វើការអន្តរាគមន៍ដេញប្រថាប់ចាប់ប្រភីង ធ្វើអោយជនសង្ស័យភ័យរ៉េចង្កូតដួលម៉ូតូ សមត្ថកិច្ចយើង ក៏បានបង្ក្រាបជាក់ស្តែងបានជនសង្ស័យម្នាក់ឈ្មោះ កាក់ លីហ័រ រួមនឹងវត្ថុតាងធ្វើសកម្មភាពម៉ូតូ1គ្រឿងផងដែរ ដោយនាំមកប៉ុស្តី៍រដ្ឋបាលវត្តភ្នំដើម្បីធ្វើការសាកសួរ ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះផាត ដែលជាអ្នកជិះពីក្រោយ នឹងធ្វើសកម្មឆក់បានរត់គេចខ្លួនបាត់ព្រមជាមួយទូរស័ព្ទដៃរបស់ជនរងគ្រោះផងដែរ រីឯជនរងគ្រោះជាស្ត្រីជនបរទេសបានឡើងរថយន្តឈ្នួលចេញទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹង ឬស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឡើយ ។

បន្ទាប់ពីបានតំរុយនៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ អំពីមុខសញ្ញាបក្សពួក នឹងសមាសភាពក្រុមឆក់ដ៏ទៃទៀត ហើយបានបន្តបើកការការស្រាវជ្រាវរហូតមកដល់វេលាម៉ោង 19:30នាទីយប់ថ្ងៃដ៏ដែល សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបសមាសសភាពឆក់ក្រុមទី2 នៅចំណុចក្រោយផ្សាររាត្រី ដែលមានឈ្មោះ
1/-ឈ្មោះថេង សុងហ៊ីម ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
2/-ឈ្មោះម៉ៅ វុទ្ធី ភេទប្រុស អាយូ17ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

ជាវិធានការជំនាញជីកឬសគល់ កាប់មែក កាប់ធាង សមត្ថកិច្ចបានបន្តជាន់យកចម្លើយជនសង្ស័យ នឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តដោយពន្លាតដែនសមត្ថកិច្ចតាមច្បាមដល់ខណ្ឌចំការមន រហូតមកដល់វេលាម៉ោង 2អាធ្រាត យើងបានបង្ក្រាបនឹងឃាត់ខ្លួនសមាសសភាពឆក់ក្រុមទី3 ចំនួន 02នាក់បន្ថែមទៀតនៅកោះពេជ្យដែលមានឈ្មោះ៖
1/-ឈ្មោះ នៅ ជែម ភេទប្រុស អាយូ 18ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
2/-ឈ្មោះ វុទ្ធី ដារ៉ុងរ័ត្ន ភេទប្រុស អាយុ 18ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថិកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 05នាក់ សុទ្ធសឹងជាសមាសភាពឆក់សកម្មជាអាជីព តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ដែលតែងធ្វើសកម្មភាពលើជនបរទេស នឹងជាសមាសភាពប្រើប្រាស់គ្រឿងញៀន ហើយកិច្ចប្រតិបត្តិការបង្ក្រាបនេះបានចាប់ផ្តើមពីពេលកើតហេតុ រហូតមកដល់វេលាម៉ោង 03:30នាទីអាធ្រាត ឈានចូលថ្ងៃទី 10 ខែកុម្ភះ ឆ្នាំ2019 ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន ៖
1/-ទូរស័ព្ទដៃចំនួន 02គ្រឿង៖
2/-កាបូបក្រវ៉ាត់ចង្កេះជនបរទេ 1 នឹងសំភារះផ្សេងៗ ។
3/-ម៉ូតូចំនួន 03គ្រឿង ម៉ាក់ C125 ពណ៌ខ្មៅ1 ម៉ាក Beat 1គ្រឿង នឹងម៉ាក់ Nex 1គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំឯកសារបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕