ឯកឧត្តម វេង សាខុន៖ ផលិតស្បៀងបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ “ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា”
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម ដែលបានរៀបចំនៅសាលប្រជុំរដ្ឋបាលខេត្ត។

លោកសុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត សង្ខេបជូនខ្លឹមសារនៃសេចក្តីរាយការណ៍នេះ គឺបានបញ្ជាក់ និងបង្ហាញឱ្យឃើញពីសមិទ្ធផលដែលមន្ទីរសម្រេចបានក្នុងរយៈពេលកន្លងមក បញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តការងារទាំងកិច្ចការសង្គម ច្បាប់ និងបច្ចេកទេស ដែលក្រសួង ក៏ដូចជាអាជ្ញាធរដែនដីបានដាក់ជូន។

ដើម្បីបន្តអនុវត្តផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្រសួង និងអាជ្ញាធរខេត្ត ឱ្យទទួលបានជោគជ័យនាឆ្នាំ២០១៩។ លោកប្រធានមន្ទីរបានសំណូមពរ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្តល់កិច្ចសហការឱ្យបានល្អប្រសើរដើម្បីឱ្យផែនការនិងទិសដៅការងារឆ្នាំ២០១៩ ទទួលបានជោគជ័យដូចដែលបានគ្រោងទុក។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរបានផ្ញើនូវក្តីនឹករលឹក និងគិតគូពីសុខទុក្ខរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំងបួនប្រការ។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក រហូតទទួលបាននូវសមិទ្ធផលដ៏ធំធេង។

ពិតណាស់ សមិទ្ធផលនេះបានជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង ពិសេសការចូលរួមផលិតស្បៀងបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា”។

ជាមួយនឹងសមិទ្ធផលដែលសម្រេចបានជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការអនុវត្តការងារកន្លងមក ដែលនៅមានបញ្ហាប្រឈម ទាមទារឱ្យយើងទាំងអស់គ្នា រួមគ្នាដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព រួចកែលម្អតម្រង់ទិស សម្រាប់អនុវត្តន៍ និងទទួលបានផលវិជ្ជមាននាឆ្នាំ២០១៩។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្រ្តីរាជការដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ជាពិសេសដើម្បីបង្ហាញពីវប្បធម៌គោរព ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគុណូបការៈរបស់មន្រ្តីរាជការដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដែលបានបម្រើការងារជូនជាតិ មាតុភូមិ និងប្រជាជន៕ធ.ដ