ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលខេត្តព្រះសីហនុ សម្រាប់គោលដៅវិនិយោគ ទេសចរណ៍ និងស្នើសុំការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌា នៅខេត្តព្រះសីហនុ។

លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជម្រាបជូនអភិបាលខេត្តព្រះសីហនុថា នៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខ នាវាកងទ័ពជើងទឹកឥណ្ឌា មានគម្រោងចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹក និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

លោកស្រីបានបន្តថា ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្តូរគណ:ប្រតិភូ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៨ ផ្តោតសំខាន់លើបច្ចេកវិទ្យា IT វិស័យការពារជាតិ។ ឥណ្ឌា និងកម្ពុជាមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអាស៊ាន លើគម្រោងអភិវឌ្ឍមេគង់ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។

ក្នុងមួយឆ្នាំឥណ្ឌាជួយបណ្តុះបណ្តាលធនធានមនុស្សចំនួន១៥០នាក់ ហើយឆ្នាំ២០១៩នេះ បន្ថែម ២៩នាក់ទៀត ក្នុងនោះក៏មានវិស័យការពារជាតិ បណ្តុះបណ្តាលធនធានមនុស្សផ្នែកកងទ័ពជើងទឹក លើបច្ចេកទេសដោះមីន និងយុទ្ធភណ័មិនទាន់ផ្ទុះជាដើម។ លោកស្រីបានបន្តថា ឆ្នាំ២០១៨កន្លងមក រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសឥណ្ឌា បានមកធ្វើទស្សនកិច្ចនៅកម្ពុជា មានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខាផងដែរ។ ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ លោកជំទាវមានគម្រោងទស្សនាកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀតក្នុងខេត្ត។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍លោកស្រីអគ្គរដ្ឋទូតឥណ្ឌចំពោះស្នើសុំការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌានៅចុងខែមីនាខាងមុខនេះដែរ។ ឯកឧត្តមគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា មានទំនាក់ទំនង់ល្អជាមួយគ្នាដូចជាបងប្អូននឹងគ្នាតាំងពីដើមមក។ គ្រាដែលកម្ពុជាមានសង្គ្រាមផ្ទៃក្នុង ប្រទេសឥណ្ឌាបានចូលរួមក្នុងការសម្របសម្រួលជាអន្តរជាតិ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព សេរីភាព ពេញបរិបូណ៍ លើផ្ទៃប្រទេស។ ឯកឧត្តមបន្តថា ប្រទេសឥណ្ឌាមានធនធានមនុស្សខាងបច្ចេកវិទ្យា IT វិទ្យាសាស្ត្រ (វិស័យសុខាភិបាល) ឥណ្ឌាបានជួយបណ្តុះបណ្តាលវិស័យយោធា ផ្នែក ដោះមីន យុទ្ធភ័ណមិនទាន់ផ្ទុះ ពិសេសទៀតជួយជួសជុសប្រាសាទអង្គវត្ត នៅខេត្តសៀមរាប។

ឯកឧត្តម យន្ត មីន បានសំណូមពរដល់លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគិនឥណ្ឌា មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។
តាមរយៈជំនួបនេះដែរ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា នឹងជំរុញអ្នកវិនិយោគនិងទេសចរឲឥណ្ឌាឲ្យសម្លឹងមើលខេត្តព្រះសីហនុ សម្រាប់គោលដីវិនិយោគនាថ្ងៃខាងមុខ។ សម្រាប់ឆ្នាំ២០១៧ មានអ្នកទេសចរឥណ្ឌា មកកម្សាន្តខេត្តព្រះសីហនុ ចំនួន ១,០២៥នាក់ ឆ្នាំ២០១៨ មានចំនួន ២,៥៧៨នាក់៕ធ.ដ