ចិនទាត់ចោលរបាយការណ៍ដែលថា ចារកម្មចិន២៥០នាក់កំពុងធ្វើប្រតិបត្តិការនៅប្រទេសបែលហ្ស៊ិក
ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានច្រានចោលសេចក្ដីរាយការណ៍មួយដែលថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិនរាប់រយនាក់ កំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដោយចាត់ទុកថា វាគ្មានមូលដ្ឋានពិតប្រាកដ។

អ្នកនាំពាក្យរដ្ឋាភិបាលចិនម្នាក់ បានគូសបញ្ជាក់ដូច្នេះថា យើងពិតជាភ្ញាក់ផ្អើលចំពោះរបាយការណ៍គ្មានមូលដ្ឋានទាំងនេះ ពីព្រោះចិនតែងតែគោរពជានិច្ចអធិបតេយ្យភាពរបស់បណ្ដាប្រទេសទាំងអស់ ហើយក៏មិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយដែរ។ ដូច្នេះយើងសង្ឃឹមថា បណ្ដាភាគីពាក់ព័ន្ធនឹងមើលមកចិន ក៏ដូចជាទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបក្នុងផ្លូវត្រឹមត្រូវ។

សូមរំលឹកថា សារព័ត៌មាន វែល អាំ សុនថាក (Welt am Sonntag) កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយផ្អែកលើប្រភពពីមន្ត្រីទូតអឺរ៉ុបជាច្រើននាក់បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន២៥០នាក់ និងរុស្ស៊ី២០០នាក់ កំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងព្រុចសែល៕ធ.ដ

