អនុប្រធាធិបតីវេណេស៊ុយអេឡា៖ ជំនួយមនុស្សធម៌របស់សហរដ្ឋអាម៉េរិក គឺជាទង្វើពុតត្បុត និងឆ្លៀតឱកាសចង់ឈ្លានពានវេណេស៊ុយអេឡា
វេណេស៊ុយអេឡា៖ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Russian Today អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានធ្វើការថ្កោលទោសការផ្ដល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាម៉េរិក តបតាមសំណើពីមេបក្សប្រឆាំង លោក ចូអាន ហ្គៃដូ ដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី។

នាឱកាសនោះដែរ អនុប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានកត់សម្គាល់ទៀតថា ជំនួយមនុស្សធម៌របស់សហរដ្ឋអាម៉េរិក គឺជាទង្វើពុតត្បុត និងគ្រាន់តែជាលេសជួយបក្សប្រឆាំង ព្រមទាំងចង់ឈ្លានចូលវេណេស៊ុយអេឡាប៉ុណ្ណោះ។ ជាការពិតណាស់អ្វីដែលពួកយើងចង់បានគឺសន្តិភាព មិនមែនសង្រ្គាមឡើយ ប៉ុន្តែសហរដ្ឋអាម៉េរិកបែរជាមិនព្រមបោះបង់ចោលគំនិតប្ដូររបបដឹកនាំរបស់យើងទាល់តែសោះ។

សូមរំលឹកថា សហរដ្ឋអាម៉េរិកបានសម្រេចចិត្តផ្ដល់ជំនួយមនុស្សធម៌ដល់វេណេស៊ុយអេឡា បន្ទាប់ពីមានសំណើរបស់មេបក្សប្រឆាំង លោក ចូអាន ហ្គៃដូ។ ប៉ុន្តែ ក្បួនរថយន្ដដឹកជំនួយកំពុងជាប់គាំង ក្រោយរដ្ឋាភិបាលទីក្រុងការ៉ាកាស់ បញ្ជាឱ្យយោធាបិទស្ពានមួយស្ថិតជាប់ព្រំដែនជាមួយប្រទេសកូឡុំប៊ី បើទោះជាប្រជាជនវេណស៊ុយអេឡារាប់លាននាក់កំពុងរង់ចាំជំនួយបន្ទាន់ទំាងនេះក៏ដោយ៕ធ.ដ


