រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណ:របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា រាល់ការកើតមានឡើងនូវបទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាលរបស់ខ្លួនតាមមូលដ្ឋាននីមួយៗ គឺអភិបាលស្រុក មេឃុំ មេភូមិ ជាអ្នកទទួលខុសត្រូវគ្រប់រឿង និងមានសិទ្ធិក្នុងការអនុវត្តវិធានការណ៍ទៅតាមផ្លូវច្បាប់ ឬក៏ស្នើសុំទៅកម្លាំងមានសមត្ថកិច្ច នៅមូលដ្ឋាននោះដើម្បីសហការក្នុងការអនុវត្តកិច្ចការងារ ។

ប្រសាសន៍នេះ ឯកឧត្តរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងក្នុងគ្រាដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណ:របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិ នៅឯរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងទៀតថា៖ បើសិនបងប្អូនប្រជាពលរដ្ឋមាន បំណងចង់បង្កបង្កើនផលពិតប្រាកដ នៅលើដីដែលចង់ស្នើសុំ ក៏ដូចជាដីសម្បទានសង្គមកិច្ចជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងមូលដ្ឋាននោះ ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ហើយដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោង ដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ ក៏នឹងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរឿងនេះ ពីព្រោះទីណាមានមនុស្សរស់នៅកាន់តែច្រើន ទីផ្សារកាន់តែធំ ។

ឯកឧត្តមបានថ្លែងបន្តថា ត្រូវបែងចែកឲ្យបានច្បាស់លាស់ អំពីការកាត់ឆ្វៀលដីភូមិដ្ឋានចាស់ ដែលពលរដ្ឋរស់នៅ និងប្រកបរបរបង្កបង្កើនផលជាយូរមកហើយនោះ គឺទុកឲ្យពួកគាត់ធ្វើអីក៏ធ្វើទៅ ។ ប៉ុន្តែទន្ទឹម និងនោះ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ករណីដែលស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានដីរបស់រដ្ឋ គឺជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមនិងការបញ្ជូនទៅកាន់តុលាការ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានផ្តល់យោបល់ដ៏ល្អមួយដល់អាជ្ញាធរមូលដ្ឋាន ដើម្បីគិតគូរជាមួយសហគមន៍ ក្នុងការបង្កើតមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ និងដាំដំណាំកសិកម្មផ្សេងៗ បង្កើតតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវឲ្យមកកម្សាន្ត ដោយយើងក៏អាចទទួលបានផលកម្រៃផងដែរ ក៏ដើម្បីបញ្ជៀសបានពីការកាប់ព្រៃឈើ បរបាញ់សត្វព្រៃ ដែលជាអំពើខុសច្បាប់។ ហើយក្នុងនោះផងដែរ ឯកឧត្តមបានបញ្ជាក់ថា ក្រសួង បរិស្ថាន បាននឹងកំពុងត្រៀមជួយទាំងបច្ចេកទេស និងថវិកាផងនោះទៀត ។

គួរបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការ ពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាឱកាសនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានផ្តល់ឱកាស ឲ្យគណៈអភិបាលស្រុក មេភូមិ មេឃុំ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តស្ទឹងត្រែង បានលើកឡើងពីបញ្ហាប្រឈម ដែលទាក់ទងទៅនឹងការស្នើសុំដីអាស្រ័យផល ក៏ដូចជារស់នៅក្នុងឃុំស្រុក ក៏ដូចជាបញ្ហាលំបាកនានាក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិជាដើមនោះ ។

សូមបញ្ជាក់ផងដែរថា៖  តំបន់ព្រៃការពាររបស់បរិស្ថានខេត្តស្ទឹងត្រែង ទាំងអស់មាន៦កន្លែង គឺឧទ្យានជាតិពីរកន្លែង តំបន់រាមសារមួយកន្លែង និងដែនជម្រកសត្វព្រៃបីកន្លែងផងដែរ ៕ ដោយ៖ ដេង ម៉ាវិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner