កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរគ្រឿញៀន
ភ្នំពេញ៖ កាលពីវេលាម៉ោង៣ និង០០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកកក្កដា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានល្បាត ក្នុងមូលដ្ឋាន មកដល់ត្រង់ចំនុចផ្លូវជាតិលេខ០២ មុខរោងចក្រអគ្គីសនីទី២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សាន ម៉ារិទ្ធ ភេទប្រុស អាយុ ៣៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៩A ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងទី២ ឈ្មោះ សំអែល រិយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរប មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ដោយកម្លាំងកំពុងតែល្បាតក្នុងមូលដ្ឋាន និងមានការសង្ស័យទៅលេីពួកគេទើបហៅមកត្រួតពិនិត្យ ប្រទះឃើញក្រាមពណ៌សរថ្លាចំនួន១២កញ្ចប់ថង់តូច នៅក្នុងហោប៉ៅរបស់ជនសង្ស័យ ឈ្មោះ សាន ម៉ារិទ្ធ នឹងត្រួតពិនិត្យឃើញក្រាមពណ៌សថ្លា១៤កញ្ចប់ថង់តូចទៀត នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ ឈ្មោះ សំអែល រិយ៉ា ក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់មកសាកសួរនៅទីស្នាក់ការនគបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើតែម្ដង។ វត្ថុតាង និងសម្ភារដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន២៦កញ្ចប់ថង់តូច។
បច្ចុប្បន្ននេះជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្នាននគបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ ភារ៉ា និងប៊ុនធី




